ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

កម្ពុជាទទួលបានមរតកវប្បធម៌ខ្មែរចំនួន ១៨ រូប/បំណែក ត្រឡប់ពីទីក្រុងឡុងដ៍ ក្រោយបាត់បង់អស់ជាច្រើនឆ្នាំ

ពេញ សុភ័ក្រ្ត

សេចក្តីសង្ខេប

ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានប្រកាសពីការប្រគល់ត្រឡប់មកកម្ពុជាវិញនូវវត្ថុសិល្បៈខ្មែរចំនួន ១៨ រូប/បំណែក ដែលត្រូវបានរកឃើញនៅទីក្រុងឡុងដ៍ ដោយអង្គភាពសិល្បៈនិងវត្ថុបុរាណនៃនគរបាលទីក្រុងឡុងដ៍ (Metropolitan Police Service) ក្រោមការគាំទ្រពីក្រុមការងារប្រយុទ្ធប្រឆាំងបទល្មើសលើបេតិកភណ្ឌនៃអង្គការសន្តិសុខនិងសហប្រតិបត្តិការនៅអឺរ៉ុប (OSCE)។ វត្ថុបុរាណទាំងនេះត្រូវបានប្រគល់ជាផ្លូវការជូនស្ថានឯកអគ្គរាជទូតនៃព្រះរាជាណាចក្រកម្ពុជាប្រចាំទីក្រុងឡុងដ៍ ហើយនឹងត្រូវរៀបចំបញ្ជូនមកកម្ពុជានាពេលខាងមុខ។

ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានប្រកាសពីការប្រគល់ត្រឡប់មកកម្ពុជាវិញនូវវត្ថុសិល្បៈខ្មែរចំនួន ១៨ រូប/បំណែក ដែលត្រូវបានរកឃើញនៅទីក្រុងឡុងដ៍ ដោយអង្គភាពសិល្បៈនិងវត្ថុបុរាណនៃនគរបាលទីក្រុងឡុងដ៍ (Metropolitan Police Service) ក្រោមការគាំទ្រពីក្រុមការងារប្រយុទ្ធប្រឆាំងបទល្មើសលើបេតិកភណ្ឌនៃអង្គការសន្តិសុខនិងសហប្រតិបត្តិការនៅអឺរ៉ុប (OSCE)។ វត្ថុបុរាណទាំងនេះត្រូវបានប្រគល់ជាផ្លូវការជូនស្ថានឯកអគ្គរាជទូតនៃព្រះរាជាណាចក្រកម្ពុជាប្រចាំទីក្រុងឡុងដ៍ ហើយនឹងត្រូវរៀបចំបញ្ជូនមកកម្ពុជានាពេលខាងមុខ។ តាមប្រភពព័ត៌មាន វត្ថុទាំងនេះត្រូវបានរកឃើញកាលពីខែវិច្ឆិកា ឆ្នាំ២០២៥ និងកំណត់អត្តសញ្ញាណថាមានប្រភពដើមពីកម្ពុជា មុនពេលក្រសួងដាក់សំណើទាមទារជាផ្លូវការក្នុងខែកញ្ញា ឆ្នាំ២០២៦។

វត្ថុសិល្បៈទាំង ១៨ រូប/បំណែក មានប្រភេទជារូបចម្លាក់ថ្ម វត្ថុសំរិទ្ធប្រើប្រាស់ក្នុងពិធីសាសនា និងបំណែកគ្រឿងអលង្ការ ដែលមានអាយុកាលចន្លោះពីសតវត្សទី១០ ដល់សតវត្សទី១៣។ ក្នុងនោះរួមមាន ព្រះសិរ្សបដិមាថ្មភក់រចនាបថបាពួន សម័យពាក់កណ្តាលទីពីរនៃសតវត្សទី១១ ព្រះសិរ្សបដិមារចនាបថបាយ័ន ចុងសតវត្សទី១២ កណ្តឹងពុទ្ធសាសនាមានដងកាន់រាងវជ្រ(មានន័យថាជាអវុធដ៏មានអំណាចរបស់ព្រះឥន្ទ្រ) ទេពរាំលើបល្ល័ង្គ គ្រឿងលម្អមានបន្តោង និងចង្កៀងសំរិទ្ធសម្រាប់ប្រើប្រាស់ក្នុងកិច្ចពិធី។ ក្រសួងបានបញ្ជាក់ថា វត្ថុទាំងនេះមិនត្រឹមតែមានតម្លៃផ្នែកសិល្បៈ និងបុរាណវិទ្យាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាផ្នែកមួយនៃប្រវត្តិសាស្ត្រ ជំនឿសាសនា ប្រពៃណី និងអត្តសញ្ញាណវប្បធម៌ខ្មែរផងដែរ។ ក្រោយបញ្ជូនមកដល់កម្ពុជា មន្ត្រីជំនាញក្រសួងវប្បធម៌និងវិចិត្រសិល្បៈ និងសារមន្ទីរជាតិកម្ពុជា នឹងធ្វើការសិក្សាស្រាវជ្រាវ និងផ្ទៀងផ្ទាត់ជាមួយទិន្នន័យបុរាណវិទ្យា កំណត់ត្រាទីតាំង និងសក្ខីកម្មពាក់ព័ន្ធ ដើម្បីស្វែងយល់បន្ថែមពីប្រវត្តិ និងប្រភពដើមរបស់វត្ថុទាំងនេះ។

ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានថ្លែងអំណរគុណចំពោះអង្គភាពសិល្បៈនិងវត្ថុបុរាណនៃនគរបាលទីក្រុងឡុងដ៍ ក្រុមការងារប្រយុទ្ធប្រឆាំងបទល្មើសលើបេតិកភណ្ឌដែលដឹកនាំដោយ OSCE ព្រមទាំងលោក Bradley J. Gordon និងលោកស្រី Melina Antoniadis ទីប្រឹក្សាផ្នែកច្បាប់របស់ក្រសួង ដែលបានចូលរួមជួយជ្រោមជ្រែងក្នុងដំណើរការទាមទារយកវត្ថុសិល្បៈទាំងនេះត្រឡប់មកមាតុភូមិវិញ។ ការប្រគល់មរតកវប្បធម៌ទាំង ១៨ រូប/បំណែកនេះ គឺជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងជាបន្តបន្ទាប់របស់កម្ពុជាក្នុងការស្វែងរក និងនាំយកសម្បត្តិវប្បធម៌ដែលត្រូវបាននាំចេញពីប្រទេសដោយខុសច្បាប់ត្រឡប់មកវិញ។ ជាមួយគ្នានេះ ក្រសួងបានបញ្ជាក់ពីការបន្តប្តេជ្ញាចិត្តក្នុងការការពារ និងទាមទារសម្បត្តិវប្បធម៌ជាតិ ព្រមទាំងស្វាគមន៍កិច្ចសហប្រតិបត្តិការពីរដ្ឋាភិបាល ស្ថាប័នអនុវត្តច្បាប់ សារមន្ទីរ អ្នកស្រាវជ្រាវ និងអ្នកប្រមូលវត្ថុសិល្បៈឯកជននានា។ ដោយ៖សុភ័ក្រ្ត

មតិយោបល់

កំពុងផ្ទុកមតិយោបល់…