ខេត្តព្រះសីហនុ៖ ដើម្បីចូលរួមថែរក្សាអនាម័យ បរិស្ថាន និងលើកកម្ពស់សោភ័ណភាពទីក្រុងឆ្នេរឱ្យកាន់តែស្រស់ស្អាត ព្រមទាំងត្រៀមទទួលភ្ញៀវទេសចរ និងព្រឹត្តិការណ៍នានា ដោយទទួលបានការចង្អុលបង្ហាញពីឯកឧត្តម ឧត្តមសេនីយ៍ឯក ស រដ្ឋា អគ្គស្នងការរង និងជាស្នងការនគរបាលខេត្តព្រះសីហនុកាលពី ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៦ កម្លាំងការិយាល័យបង្ការ ពន្លត់អគ្គិភ័យ និងសង្គ្រោះ បានយករថយន្តពន្លត់អគ្គិភ័យចំនួន ១គ្រឿង ដើម្បីបាញ់ទឹកលាងសម្អាតតាមបណ្ដោយផ្លូវលេខ៥០២ និងបរិវេណទីលានតេជោ កន្ទុយនាគ ស្ថិតនៅភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។


ប្រតិបត្តិការនេះមិនត្រឹមតែជួយកម្ចាត់ធូលីដី និងភាពកខ្វក់នៅលើដងផ្លូវ និងទីធ្លាសាធារណៈប៉ុណ្ណោះទេ ប៉ុន្តែក៏ជាការបង្ហាញពីស្មារតីយកចិត្តទុកដាក់របស់កងកម្លាំងនគរបាលក្នុងការរួមចំណែកថែរក្សាបរិស្ថានស្អាត និងបង្កើតភាពងាយស្រួល ផាសុកភាពជូនប្រជាពលរដ្ឋ និងអ្នកធ្វើដំណើរឆ្លងកាត់ផងដែរ។ ក្នុងការលាងសម្អាតនេះ កម្លាំងជំនាញបានប្រើប្រាស់ទឹកអស់ចំនួន ៣ឡាន ស្មើនឹង ៣៦ម៉ែត្រគូប៕ ដោយ៖ ប៉ៃ សុឃីម











