នាពេលថ្មីៗនេះ ក្រសួងព័ត៌មាននៃព្រះរាជាណាចក្រកម្ពុជា បានផ្តល់ភាពងាយស្រួលក្នុងការយកព័ត៌មានដល់ក្រុមអ្នកសារព័ត៌មានអន្តរជាតិមកពីប្រទេសបារាំង និងកាណាដា ដោយរៀបចំឱ្យពួកគាត់ធ្វើដំណើរទៅសិក្សាផ្ទាល់នៅភូមិព្រៃចាន់ ភូមិជោគជ័យ និងតំបន់បឹងត្រកួននៅខេត្តបន្ទាយមានជ័យ។

ក្រុមអ្នកសារព័ត៌មានទាំងនេះ ពីមុនបានចូលរួមកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ នៅប្រទេសកម្ពុជា។ ក្រោយបញ្ចប់កិច្ចប្រជុំកំពូល ក្រសួងព័ត៌មានបានរៀបចំឱ្យពួកគាត់ទៅកាន់ខ្សែមុខព្រំដែន ដើម្បីស្វែងយល់អំពីស្ថានភាពជីវភាពរស់នៅរបស់ប្រជាពលរដ្ឋក្នុងតំបន់។ ក្រុមអ្នកសារព័ត៌មានបានកត់ត្រាតាមរយៈការថតនិងរាយការណ៍ផ្ទាល់ នូវការបំផ្លិចបំផ្លាញដែលជម្លោះព្រំដែនកម្ពុជា-ថៃឆ្នាំ២០២៥ បានបណ្តាលឱ្យមានដល់ភូមិនិងប្រជាពលរដ្ឋក្នុងតំបន់។

ភូមិព្រៃចាន់ និងភូមិជោគជ័យ ស្ថិតនៅឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។ ភាគីកម្ពុជាបានឱ្យដឹងថា ភាគីថៃបានដាក់ខ្សែបន្លាដែក និងតម្កល់កុងតឺន័រនៅតំបន់មួយចំនួននៃភូមិទាំងពីរ ធ្វើឱ្យដីធ្លីមួយចំនួនត្រូវបានកាន់កាប់ និងផ្ទះសម្បែងរបស់ប្រជាពលរដ្ឋជាច្រើនត្រូវបានបំផ្លាញ។ តំបន់បឹងត្រកួននៃឃុំគោករមៀត ស្រុកថ្មពួក ក៏ធ្លាប់ត្រូវបានកងទ័ពថៃបាញ់គ្រាប់ផ្លោងពីមុនមក ដែលធ្វើឱ្យតំបន់នោះទទួលរងផលប៉ះពាល់ធ្ងន់ធ្ងរ។

រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ឡើងវិញថា នឹងការពារយ៉ាងមុតមាំនូវអធិបតេយ្យភាព និងបូរណភាពទឹកដីជាតិ មិនទទួលស្គាល់អំពើឯកតោភាគីណាមួយដែលប្រើកម្លាំងអាវុធដើម្បីផ្លាស់ប្តូរស្ថានភាពព្រំដែនបច្ចុប្បន្ន និងប្តេជ្ញាដោះស្រាយវិវាទព្រំដែនតាមមធ្យោបាយសន្តិវិធី។






