ក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ ប្រជានេសាទនៅខេត្តកំពង់ឆ្នាំងកំពុងមមាញឹកក្នុងការប្រមូលផលត្រីដែលចាប់ផ្តើមត្រូវច្រើន គួរឱ្យកត់សម្គាល់។ កំណើននៃផលនេសាទក្នុងឆ្នាំនេះ មិនត្រឹមតែសម្បូរ និងមានទំហំធំៗជាងឆ្នាំមុនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានធ្វើឱ្យតម្លៃត្រីនៅតាមទីផ្សារនានាក្នុងខេត្តមានការធ្លាក់ចុះផងដែរ។
លោក តាត សីហាក់ នាយខណ្ឌរដ្ឋបាលជលផល នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តកំពង់ឆ្នាំង បានឱ្យដឹងថា សម្រាប់រដូវខ្នើតទី១នេះ ត្រីបានចាប់ផ្តើមត្រូវតាំងពីថ្ងៃ៨កើត ខែកត្តិក ត្រូវនឹងថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៦ មកម្ល៉េះ។ លោកបានកត់សម្គាល់ថា ទិន្នផលត្រីឆ្នាំនេះសម្បូរ និងធំល្អជាងឆ្នាំមុន ដោយប្រភេទត្រីដែលនេសាទបានច្រើនជាងគេ គឺត្រីច្រកែង និងត្រីឆ្កោក។ ទោះជាយ៉ាងណា លោកបញ្ជាក់ថា ត្រីសម្រាប់ធ្វើប្រហុកនៅមិនទាន់ត្រូវច្រើននៅឡើយទេ។
នាយខណ្ឌរដ្ឋបាលជលផលរូបនេះ បានបន្ថែមថា ភាពសម្បូរបែបនៃផលនេសាទ បានជំរុញឱ្យហាងឆេងត្រីធ្លាក់ចុះ ដោយគិតត្រឹមថ្ងៃទី២២ ខែវិច្ឆិកាឆ្នាំ២០២៦នេះ តម្លៃត្រីនៅលើទីផ្សារមានដូចជា៖ ត្រីកេះ និងត្រីគ្រំ ២៥,០០០ រៀល/គីឡូក្រាម ត្រីព្រួល ២០,០០០ រៀល/គីឡូក្រាម
ត្រីឆ្កោក (ប្រភេទលេខ១) ១៨,០០០ រៀល/គីឡូក្រាម ត្រីក្រពាត ១៥,០០០ រៀល/គីឡូក្រាម
ត្រីក្លាំងហាយ ១៣,០០០ រៀល/គីឡូក្រាម ត្រីរ៉ស់ និងត្រីឌៀប ៦,០០០ រៀល/គីឡូក្រាម
ត្រីច្រកែង និងត្រីឆ្ពិន ៣,៥០០ រៀល/គីឡូក្រាម៕ ដោយ៖ ប៉ៃ សុឃីម








