រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ ឯកឧត្តម ស សុខា លើកឡើងថា រយៈពេលជាង២ឆ្នាំមកនេះ ក្នុងនីតិកាលទី៧ នៃរដ្ឋសភា កម្ពុជាបានបណ្ដេញជនបរទេសពាក់ព័ន្ធបទល្មើសអនឡាញចេញជាង១៥០០០នាក់។
ក្នុងពិធីបើកសិក្ខាសាលាស្ដីពីការផ្លាស់ប្ដូរបទពិសោធន៍ក្នុងការប្រយុទ្ធប្រឆាំងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងការសម្អាតប្រាក់ នៅព្រឹកថ្ងៃទី០៨ ខែតុលានេះ ឯកឧត្តម ស សុខា បានរំលឹកថា កាលពីអាណត្តិទី៦ កម្ពុជាក៏បានបណ្ដេញចេញនូវបរទេសពាក់ព័ន្ធបទល្មើសអនឡាញជាង ២១០០០នាក់ក្នុងមួយអាណត្តិ។
ប្រមុខក្រសួងមហាផ្ទៃ បានថ្លែងថា «ក្នុងអាណត្តិទី៦ ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ដ្រី ព្រមទាំង សម្ដេចក្រឡាហោម ស ខេង យើងបានបណ្ដេញចេញជនបរទេស ដែលពាក់ព័ន្ធអនឡាញ ប្រមាណជាង ២១០០០នាក់ ក្នុងមួយអាណត្តិ ។ ដោយឡែក ក្នុងនីតិកាលទី៧ នេះ គិតត្រឹមជាង ២ឆ្នាំ នៃដើមអាណត្តិទី៧នេះ យើងបានបណ្ដេញចេញប្រមាណជាង ១៥០០០នាក់រួចទៅហើយ»។
ឯកឧត្តមថ្លែងបន្ដថា ការបណ្ដេញជនបរទេសទាំងនេះ បានឆ្លុះបញ្ចាំងឱ្យឃើញថា រាជរដ្ឋាភិបាល នីតិកាលទី៧ បានយកចិត្តទុកដាក់ខ្ពស់ទៅលើកិច្ចការងារបទល្មើសអនឡាញ។ បើតាមឯកឧត្តម ស សុខា កិច្ចការងារបង្ក្រាបបទល្មើសអនឡាញ មិនមែនតែកម្ពុជាម្នាក់ឯងទទួលខុសត្រូវនោះទេ ដូច្នេះឯកឧត្តមស្នើដល់បណ្ដាប្រទេសនានា ស្វែងយល់ពីគ្នាទៅវិញទៅមក ដើម្បីរួមគ្នាបង្ក្រាបបទល្មើសអនឡាញ។
ឯកឧត្តមរដ្ឋមន្រ្តី លើកឡើងបន្ថែមថា ការវិវត្តន៍នៃការឆបោកបទល្មើសអនឡាញមានភាពជឿនលឿន បើធៀបនឹង៥ឆ្នាំមុន គឺមានលក្ខណៈខុសគ្នា។ ការឆបោកបទល្មើសអនឡាញ សម្រាប់ប្រទេសកម្ពុជា មិនមែនជាទីផ្សារសម្រាប់ក្រុមឧក្រិដ្ឋជននោះទេ គឺពិភពលោក ដូច្នេះ ត្រូវមានការចូលរួមទប់ស្កាត់ពីគ្រប់ភាគីពាក់ព័ន្ធ។ ឯកឧត្តមថា «ពេលមុខនេះ មានលក្ខណៈទីប្រជុំជន (ឆបោកអនឡាញ) មានន័យថា មួយកន្លែងៗច្រើននាក់។ ប៉ុន្ដែមកដល់នេះ គាត់បែងចែកជាដុំតូចៗ»៕
ស្ថានីយទូរទស្សន៍ខេត្តព្រះសីហនុ ដោយ៖ ង៉ែត ពិសាន្ត










