អង្គការក្តីសង្ឃឹមសហគមន៍(HCO)បាននាំយកអំណោយមនុស្សធម៌ ដើម្បីជួយសម្រាលបន្ទុកដល់ប្រជាពលរដ្ឋកម្ពុជា ដែលកំពុងភៀសសឹកស្នាក់នៅក្នុងតំបន់សុវត្ថិភាពព្រមទាំងវីរកងទ័ពជួរមុខ ដែលកំពុងឈរជើងការពារទឹកដីជាតិពីការឈ្លានពានរបស់យោធាសៀម។ នេះបើតាមការបញ្ជាក់របស់លោក Kim Hyoung Min តំណាងអង្គការក្តីសង្ឃឹម នៅមន្ទីរសុខាភិបាល ខេត្តកំពង់ឆ្នាំង។
ក្នុងឱកាសនោះ មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកំពង់ឆ្នាំង បានទទួលអំណោយពីអង្គការក្តីសង្ឃឹមសហគមន៍(HCO) រួមមាន អង្ករចំនួន២តោន ទឹកបរិសុទ្ធចំនួន១០០កេះ ថ្នាំពេទ្យ និងសម្ភារៈប្រើប្រាស់មួយចំនួនទៀតដើម្បីយកទៅចែកជូនដល់បងប្អូនប្រជាពលរដ្ឋភៀសសឹកនៅក្នុងតំបន់សុវត្ថិភាព និងវីរកងទ័ពដែលកំពុងបន្តឈរជើងយ៉ាងរឹងមាំ ស្វាហាប់ និងមោះមុតក្នុងការការពារដែនអធិបតេយ្យភាពជាតិពីការឈ្លានពានរបស់យោធាសៀម។
អំណោយទាំងអស់នេះ ត្រូវបានលោក Kim Hyoung Min តំណាងអង្គការក្តីសង្ឃឹម នាំយកមកប្រគល់ជូនលោក គង់ ច័ន្ទធា តំណាងមន្ទីរសុខាភិបាល ខេត្តកំពង់ឆ្នាំង កាលពីរសៀលថ្ងៃទី ១៨ ខែធ្នូ ឆ្នាំ ២០២៥។
លោក គង់ ច័ន្ទធា អនុប្រធានមន្ទីរសុខាភិបាល ខេត្តកំពង់ឆ្នាំង បានថ្លែងអំណរគុណ និងមានប្រសាសន៍បញ្ជាក់ថា ការផ្តល់អំណោយរបស់អង្គការក្តីសង្ឃឹម សហគមន៍ (HCO) នាពេលនេះ បានបង្ហាញពីទឹកចិត្តដ៏ប្រពៃថ្លៃថ្លា និងការចូលរួមចំណែកយ៉ាងសកម្ម ក្នុងការងារសប្បុរសធម៌ និងកិច្ចការសង្គម តាមរយៈមន្ទីរសុខាភិបាល ដើម្បីចែកជូនវីរកងទ័ពជួរមុខ និងប្រជាពលរដ្ឋភៀសសឹក នៅតាមតំបន់ព្រំដែន ដែលកំពុងមានតម្រូវការចាំបាច់៕
ដោយ៖ ប៉ៃ សុឃីម










