សិស្សភៀសសឹកចំនួន ៩៤០៧នាក់ បានចូលរៀនបណ្ដោះអាសន្ននៅតាមគ្រឹះស្ថានសិក្សាចំនួន ១ ៦០២កន្លែង ក្នុងរាជធានី-ខេត្ត២២ គិតត្រឹមព្រឹកថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៥នេះ។
កន្លងទៅថ្មីៗនេះ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ក៏បានអំពាវនាវដល់មាតាបិតា អាណាព្យាបាលភៀសសឹកទាំងអស់ នាំកូនទៅចុះឈ្មោះចូលរៀនបណ្ដោះអាសន្ននៅតាមគ្រឹះស្ថានសិក្សានានាដែលមានទីតាំងនៅជិតបំផុតនឹងទីជម្រកសុវត្ថិភាពបណ្ដោះអាសន្នឱ្យបានគ្រប់ៗគ្នា ស្ថិតក្នុងគ្រាដ៏លំបាក នៃជម្លោះព្រំដែនរវាងកម្ពុជា-ថៃ។
គួរបញ្ជាក់ថា សង្គ្រាមឈ្លានពានពីសំណាក់ទ័ពសៀមចាប់ពីថ្ងៃទី ៧ រហូតដល់ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៥នេះ មានសាលារៀនជាប់បន្ទាត់ព្រំដែនចំនួន ១ ០៩១ សាលា នៃខេត្តចំនួន ៧ ត្រូវបានបិទទ្វារ ប៉ះពាល់គ្រូបង្រៀន ១១ ៩២២ នាក់ និង សិស្សានុសិស្ស ២៥៤ ៤៨០ នាក់ ខណៈមានជនភៀសសឹកកើនដល់ ១៣១ ៦៧២ គ្រួសារ ស្មើនឹង ៤៣៨ ៩៥៣ នាក់ ក្នុងនោះ ស្ត្រីមាន ២២៥ ៥៧២ នាក់ និងកុមារមាន ១៣៤ ៦០២ នាក់៕ ដោយ៖ ចិន្តា ទីទិ










