រដ្ឋបាលខេត្តព្រះសីហនុ បានប្រកាសថ្កោលទោសយ៉ាងដាច់អហង្ការចំពោះទង្វើអមនុស្សធម៌ និងសាហាវយង់ឃ្នងរបស់យោធា នៅក្នុងអំពើឈ្លានពានមកលើអធិបតេយ្យនៃកម្ពុជា ដោយបានបន្តបាញ់ប្រហារមកលើប្រជាជនស៊ីវិលស្លូតត្រង់នៅតាមបណ្តាខេត្តជាប់ព្រំដែនកម្ពុជា-ថៃ ចាប់តាំងពីរសៀលថ្ងៃទី៧ ខែធ្នូ រហូតដល់ពេលនេះ និងដោយបានប្រើប្រាស់គ្រឿងយុទ្ធោបករណ៍ធ្ងន់ធ្ងន់ច្រើនប្រភេទផ្ទុយនឹងច្បាប់អន្តរជាតិ ដូចជាយន្តហោះចម្បាំង នាវាចម្បាំង ផ្សែងពុល និងគ្រាប់បែកចង្កោមជាដើម បាញ់ស្រោចចូលក្នុងដែនអធិបតេយ្យរបស់កម្ពុជា យ៉ាងកំរោលមិនរើសគោលដៅធ្វើឱ្យប្រជាជនស៊ីវិលកម្ពុជាមួយចំនួនស្លាប់ និងរងរបួស ព្រមទាំងខូចខាតផ្ទះសម្បែង សាលារៀន មន្ទីរពេទ្យ វត្តអារាម ផ្លូវថ្នល់ ស្ពាន ប្រាសាទបុរាណជាច្រើនកន្លែង។
ម្តងហើយម្តងទៀត ភាគីថៃតែងតែបង្កើតលេស និងញុះញ៉ង់ដើម្បីរំលោភបំពានលើបទឈប់បាញ់ និងសេចក្តីថ្លែងការណ៍រួមស្ដីពីកិច្ចព្រមព្រៀងសន្តិភាពកម្ពុជា-ថៃ នៅទីក្រុងគូឡាឡាំពួរ កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ ដែលមានលោក ដូណាល់ ត្រាំ ប្រធានាធិបតីសហរដ្ឋអាម៉េរិក និងឯកឧត្តម អាន់វ៉ា អ៊ីប្រាហ៊ីម នាយករដ្ឋមន្ត្រីម៉ាឡេស៊ី និងជាប្រធានប្តូរវេនអាស៊ាន ធ្វើជាសាក្សីយ៉ាង។ ជាពិសេសថ្មីៗនេះ ភាគីថៃបានទាត់ចោលសំណើបទឈប់បាញ់ដែលស្នើដោយនាយករដ្ឋមន្តី ម៉ាឡេស៊ី ចំនួន ៣លើក និងប្រធានាធិបតីសហរដ្ឋអាម៉េរិក ចំនួន១លើក។
ថ្ងៃនេះ កម្ពុជាទទួលរងការឈ្លានពានយ៉ាងធ្ងន់ធ្ងរពីសំណាក់ប្រទេសថៃ ដែលមានទំហំធំជាង និងមានកម្លាំងយោធាខ្លាំងជាង។ ប្រសិនបើពិភពលោកធ្វើព្រងើយកន្តើយ មិនអើពើ គឺស្មើនឹងការទទួលស្គាល់នូវគំរូដ៏អាក្រក់នៃការជំរុញការអនុវត្តច្បាប់ព្រៃ «អ្នកខ្លាំងគឺឈ្នះ»។ ប្រសិនបើច្បាប់ព្រៃត្រូវបានអនុវត្តក្នុងតំបន់អាស៊ីអាគ្នេយ៍នៅថ្ងៃនេះ នោះនឹងមិនមានប្រទេសតូចណាមួយលើលោកមានសុវត្ថិភាពនាពេលអនាគតឡើយ។ ការឈ្លានពានរបស់ថៃគួរតែត្រូវទទួលការថ្កោលទោស និងដាក់ ទណ្ឌកម្មឱ្យធ្ងន់ធ្ងរបំផុត និងខាងតែបាន។
ទន្ទឹមគ្នានេះ រដ្ឋបាលខេត្តព្រះសីហនុ បានអំពាវនាវដល់សហគមន៍អន្តរជាតិ ថ្កោលទោសយ៉ាងធ្ងន់ធ្ងរចំពោះការរំលោភបំពាន សេចក្ដីថ្លែងការណ៍រួមទីក្រុងកូឡាឡាំពួ និងសកម្មភាពដ៏ឃោឃៅអមនុស្សធម៌របស់ភាគីថៃ ហើយភាគីថៃត្រូវតែទទួលខុសត្រូវទាំងស្រុង ចំពោះការរំលោភបំពានទាំងនេះមកលើអធិបតេយ្យកម្ពុជា ដែលជាការគំរាមកំហែងដល់សន្តិភាព និងស្ថិរភាពនៅក្នុងតំបន់។ ជាពិសេសត្រូវដាក់សម្ពាធលើប្រទេសថៃឱ្យបញ្ឈប់រាល់ប្រតិបត្តិការយោធាថៃទាំងអស់នៅក្នុងទឹកដីកម្ពុជាជាបន្ទាន់ ដោយគ្មាន លក្ខខណ្ឌ និងត្រូវតែទទួលខុសត្រូវទាំងស្រុងចំពោះមុខច្បាប់អន្តរជាតិ៕
ដោយ៖ ចិន្តា ទីទិ








