រមណីយដ្ឋានធម្មជាតិ «ឆ្នេរខ្សាច់កោះប៉ែន» ដែលត្រូវបានគេស្គាល់ថាជា «ឆ្នេរខ្សាច់សមុទ្រទឹកសាប» គឺជារមណីយដ្ឋានដ៏ល្បីល្បាញមួយរបស់ខេត្តកំពង់ចាម ហើយបច្ចុប្បន្ននេះ បានបើកទទួលភ្ញៀវទេសចរជាតិ និងអន្តរជាតិ មកទស្សនាកម្សាន្តជាធម្មតា។
ជាមួយគ្នានេះ ស្ពានប្រដឺសឬស្សីកោះប៉ែន ដែលមានប្រវែង ១.០០០ ម៉ែត្រ ក៏បានដាក់ឲ្យដំណើរការផងដែរ ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ភ្ញៀវទេសចរ។
បន្ទាប់ពីទឹកស្រក ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងសហការី កាលពីថ្ងៃទី ១ ខែមករា ឆ្នាំ ២០២៦ បានអញ្ជើញចុះពិនិត្យស្ថានភាពស្ពានប្រដឺសឬស្សី ដែលទើបស្ថាបនារួច និងដាក់ឲ្យដំណើរការនាពេលថ្មីៗនេះ។ ក្នុងឱកាសនោះ ឯកឧត្តមអភិបាលខេត្ត ក៏បានបន្តដំណើរកម្សាន្តទៅលេងឆ្នេរខ្សាច់កោះប៉ែន ដែលជារមណីយដ្ឋានធម្មជាតិដ៏ល្បីល្បាញ និងស្រស់ត្រកាលមួយរបស់ខេត្តកំពង់ចាម។
បើតាមលោក ប៊ុន ដារ៉ា ប្រធានគ្រប់គ្រងរមណីយដ្ឋានឆ្នេរកោះប៉ែន បានឲ្យដឹងថា ស្ពានប្រដឺសឬស្សីកោះប៉ែន ត្រូវបានសាងសង់ឆ្លងកាត់ទន្លេមេគង្គ តភ្ជាប់ពីត្រើយម្ខាងមុខវត្តដីដុះ ក្នុងក្រុងកំពង់ចាម ទៅកាន់រមណីយដ្ឋានធម្មជាតិ «ឆ្នេរកោះប៉ែន» មានប្រវែង ១.០០០ ម៉ែត្រ និងទទឹង ២ ម៉ែត្រ ដែលអាចធ្វើដំណើរដោយថ្មើរជើងបាន៕
ដោយ៖ ប៉ៃ សុឃីម













