ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

រដ្ឋមន្រ្តីទេសចរណ៍៖កម្ពុជាត្រៀមលក្ខណៈរួចជាស្រេចដើម្បីទទួលកំណើនទេសចរឥណ្ឌា

KPS99TV

សេចក្តីសង្ខេប

រដ្ឋមន្ត្រី ហួត ហាក់ បានជម្រាបឯកអគ្គរដ្ឋទូតឥណ្ឌានៅថ្ងៃទី២ ខែមករាថា វិស័យឯកជនត្រៀមទទួលភ្ញៀវឥណ្ឌាកើនឡើងក្នុងឆ្នាំ២០២៦។ ភាគីឥណ្ឌាបន្តគាំទ្រគម្រោង QIP ចំនួន៣។

ក្នុងជំនួបជាមួយឯកឧត្តម Vanlalvawna Bawitlung ឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំកម្ពុជា នៅថ្ងៃទី០២ ខែមករា ឆ្នាំ២០២៦ ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានបញ្ជាក់ជូនពីការត្រៀមលក្ខណៈជាស្រេចរបស់វិស័យឯកជនកម្ពុជា ដើម្បីឆើ្លយតបនឹងកំណើនភ្ញៀវទេសចរឥណ្ឌាដែលរំពឹងនឹងកើនឡើងបន្ថែមទៀតនាឆ្នាំ២០២៦។

ឯកឧត្តម ហួត ហាក់ បញ្ជាក់បន្ថែមថា កំណើននេះនឹងកើនតាមរយៈការហោះហើរត្រង់រវាងរដ្ឋធានី New Delhi និងរាជធានីភ្នំពេញ ដោយក្រុមហ៊ុនអាកាសចរណ៍ Air Cambodia និងរវាងទីក្រុង Kolkata និងខេត្តសៀមរាប ដោយក្រុមហ៊ុនអាកាសចរណ៍ IndiGo Airlines ព្រមទាំងកត្តាសុខសុវត្តិភាព ការអភិវឌ្ឍន៍គ្រប់វិស័យ សក្តានុពលទេសចរណ៍ដ៏សំបូរបែប ជាពិសេសបដិសណ្ឋារកិច្ចដ៏រួសរាយរាក់ទាក់ដូចជាបងប្អូនបង្កើតរួមវប្បធម៌អរិយធម៌ និងប្រវតិ្តសាស្រ្តគ្នារាប់ពាន់ឆ្នាំមកហើយ។

ឯកឧត្តមឯកអគ្គរដ្ឋទូត បានគូសបញ្ជាក់ពីជំហរបន្តគាំទ្រដល់ក្រសួងទេសចរណ៍ក្នុងការអនុវត្តឱ្យបានចប់ និងជោគជ័យនាឆ្នាំថ្មីនេះ នូវគម្រោងជំនួយទាំង៣ ក្រោមក្របខ័ណ្ឌ Quick Impact Project (QIP) លើការអភិវឌ្ឍដល់សហគមន៍អេកូទេសចរណ៍ដែលបានគាំទ្រដោយរដ្ឋាភិបាលឥណ្ឌាកន្លងមក។

ជាការឆ្លើយតប ឯកឧត្តមរដ្ឋមន្រ្តី បានថ្លែងអំណរគុណដល់រដ្ឋាភិបាល និងប្រជាជនឥណ្ឌា ដែលជានិច្ចជាកាលតែងតែជួយឧបត្ថម្ភគាំទ្រកម្ពុជាលើគ្រប់វិស័យ ជាពិសេសលើវិស័យទេសចរណ៍ តាមរយៈការដាក់ចេញនូវព្រឹត្តិការណ៍ «ឆ្នាំទេសចរណ៍ កម្ពុជា-ឥណ្ឌា» កន្លងមក និងកំណើនភ្ញៀវទេសចរឥណ្ឌាដ៏ច្រើនមកទស្សនាកម្ពុជានាប៉ុន្នានខែចុងឆ្នាំ២០២៥។ឯកឧត្តម ក៏បានថ្លែងអំណរគុណចំពោះការផ្តល់ជំនួយ QIP និងការផ្តល់ឱកាសដល់មន្រ្តីរាជការក្រសួងទេសចរណ៍ចំនួន៤រូបទៅចូលរួមវគ្គបណ្តុះបណ្តាលដ៏ល្អ និងសម្រិតសម្រាំងនៅសាធារណរដ្ឋឥណ្ឌានាចុងខែមករា ឆ្នាំ២០២៦ ខាងមុខនេះ៕

ដោយ៖ ង៉ែត ពិសាន្ត

មតិយោបល់

កំពុងផ្ទុកមតិយោបល់…