ទោះបីជាក្រោយបទឈប់បាញ់ស្ថានភាពតាមព្រំដែនកម្ពុជា-ថៃមានសភាពស្ងប់ស្ងាត់ក៏ដោយ ប៉ុន្តែកម្ពុជានៅតែបន្តជួបជាមួយអង្គទូតបរទេស និងអង្គការអន្តរជាតិដើម្បីរាយការណ៍ពីស្ថានភាពព្រំដែនកម្ពុជា-ថៃ។ នៅរសៀលថ្ងៃទី០២ ខែមករា ឆ្នាំ២០២៦ ឯកឧត្តម ចាន់ រតនា អនុរដ្ឋលេខាធិការនិងជាអ្នកនាំពាក្យស្តីទីនៃក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ បានធ្វើបទបង្ហាញស្តីពីការវិវត្តថ្មីៗនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ ជូនតំណាងចំនួន២៥រូបនៃស្ថានបេសកកម្មការទូតនិងអង្គការអន្តរជាតិចំនួន២២ នៅទីក្រុងភ្នំពេញ។
បទបង្ហាញនោះផ្តោតលើបញ្ហាសំខាន់ៗបីគឺ៖១. សេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣ របស់គណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥, ២. លទ្ធផលសំខាន់ៗនៃកិច្ចប្រជុំត្រីភាគីនៃរដ្ឋមន្ត្រីការបរទេសនិងមន្ត្រីយោធាជាន់ខ្ពស់កម្ពុជា ថៃនិងចិន កាលពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៥ នៅខេត្តយូណាន ប្រទេសចិន និង៣. ការដោះលែងយោធិនកម្ពុជាទាំង១៨រូប នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥។ នេះបើតាមក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។
ទន្ទឹមនឹងនោះ ឯកឧត្តមអនុរដ្ឋលេខាធិការ បានធ្វើបច្ចុប្បន្នភាពនៃចំនួនពលរដ្ឋខ្មែរដែលបានស្លាប់ និងរងរបួស ចំនួនជនភៀសសឹក ព្រមទាំងការបំផ្លិចបំផ្លាញទ្រព្យសម្បត្តិផ្សេងៗ ដែលបង្កពីការវាយប្រហាររបស់កងកម្លាំងប្រដាប់អាវុធថៃ មកលើទឹកដី អធិបតេយ្យនិងតំបន់ជនស៊ីវិលកម្ពុជា។ ឯកឧត្តមបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះជំនួយមនុស្សធម៌ទាំង អស់របស់ប្រទេសជាមិត្ត ដែលបាននិងកំពុងជួយដល់កម្ពុជា ជាពិសេសប្រទេសចិន ដែលជំនួយទាំងនេះបានផ្តល់ដោយត្រង់ ឬតាមរយៈអង្គការអន្តរជាតិ ឬអង្គការមិនមែនរដ្ឋាភិបាលដើម្បីរួមចំណែកជួយដល់ពលរដ្ឋភៀសសឹក៕
ដោយ៖ ង៉ែត ពិសាន្ត
















