បើទោះបីជាស្ថានភាពព្រំដែនកម្ពុជា-ថៃមានភាពតានតឹងយ៉ាងក៏ដោយ ប៉ុន្តែលំហូរភ្ញៀវទេសចរជាតិ និងអន្តរជាតិមកលេងកម្សាន្តតាមរមណីដ្ឋាននានាទូទាំងប្រទេសកម្ពុជានៅតែមានចំនួនច្រើន។ ក្នុងឱកាសពិធីបុណ្យឆ្លងឆ្នាំសកលឆ្នាំ២០២៦ រយៈពេល៣ថ្ងៃ ខេត្តមណ្ឌលគីរី មានភ្ញៀវទេសចរជាតិ និងអន្តរជាតិមកទស្សនាកម្សាន្តសរុបចំនួន១២,៤៣៤ នាក់ ក្នុងនោះមានភ្ញៀវទេសចរបរទេសចំនួន ១៩៤នាក់។
តួលេខភ្ញៀវទេសចរក្នុងរយៈពេល៣ថ្ងៃនៃបុណ្យឆ្លងឆ្នាំសកលឆ្នាំ២០២៦ មានការថយចុះ៥៩.៩២ភាគរយ បើធៀបនឹងបុណ្យឆ្លងឆ្នាំសកលឆ្នាំ២០២៥ មានភ្ញៀវទេសចរសរុប ៣១,០៣០នាក់ និងភ្ញៀវទេសចរបរទេស ២៦១នាក់។ នេះបើតាមរបាយការណ៍របស់មន្ទីរទេសចរណ៍ខេត្តមណ្ឌលគិរី នៅថ្ងៃទី០៣ ខែមករា ឆ្នាំ២០២៦។
មន្ទីរទេសចរណ៍ បញ្ជាក់ថា៖ «កត្តាដែលភ្ញៀវទេសចរមានការធ្លាក់ចុះនេះ ដោយសារប្រទេសជាតិមានសង្គ្រាមឈ្លានពានរបស់ប្រទេសថៃធ្វើឱ្យភ្ញៀវទេសចរ មានការលុបចោលដំណើកម្សាន្តមកខេត្តមណ្ឌលគិរីជាច្រើន»៕
ដោយ៖ ង៉ែត ពិសាន្ត













