ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃទី០២ ខែមករា ឆ្នាំ២០២៦ បានឱ្យដឹងថា វាជាការសំខាន់ដែលត្រូវគូសបញ្ជាក់ថា កម្ពុជា និងថៃ មានព្រំដែនគោកអន្តរជាតិដែលត្រូវបានកំណត់តាមផែនទីដែលត្រូវបានផលិតឡើង ដោយអនុលោមតាមអនុសញ្ញាឆ្នាំ១៩០៤ និង សន្ធិសញ្ញាឆ្នាំ១៩០៧។
ក្នុងសេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសកម្ពុជា បញ្ជាក់បន្ថែមថា គណៈកម្មការចម្រុះខ័ណ្ឌសីមាព្រំដែនកម្ពុជា និងថៃ ត្រូវបានបង្កើតឡើងដើម្បីកំណត់ខ្សែបន្ទាត់ព្រំដែនរវាងបង្គោលព្រំដែនដែលបានបោះរួចហើយ។ គណៈកម្មការចម្រុះខ័ណ្ឌសីមាព្រំដែនគោកខាងកម្ពុជា ក៏បានធ្វើការតវ៉ាជាលាយលក្ខណ៍អក្សរជាផ្លូវការ ទៅកាន់សមភាគីថៃ ប្រឆាំងនឹងការរំលោភបំពាន់របស់កងទ័ពថៃលើទឹកដីកម្ពុជា និងលើអាណត្តិរបស់គណៈកម្មការចម្រុះខ័ណ្ឌសីមាព្រំដែន ខណៈដែលភាគីទាំងពីរសម្រេចបាននូវវឌ្ឍនភាពគួរឱ្យកត់សម្គាល់លើការងារខ័ណ្ឌសីមា ព្រំដែន ជាពិសេសក្នុងពេលថ្មីៗនេះ លើការអនុវត្តតាមស្មារតីនៃកំណត់ហេតុកិច្ចប្រជុំពិសេសរបស់ គណៈកម្មការចម្រុះខ័ណ្ឌសីមាព្រំដែន ចុះថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៥៕
ដោយ៖ ង៉ែត ពិសាន្ត










