ខណ្ឌរដ្ឋបាលជលផល នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តកំពង់ចាម បានអំពាវនាវដល់ប្រជានេសាទទាំងអស់ សូមផ្តល់ដំណឹងមកមន្ត្រីជំនាញនៃខណ្ឌរដ្ឋបាលជលផល នៅពេលនេសាទបានដោយចៃដន្យនូវប្រភេទត្រីកម្រ ដូចជា ត្រីគល់រាំង ត្រីរាជ ត្រីត្រសក់ ជាដើម ដើម្បីឲ្យអាជ្ញាធរជំនាញចាត់ចែងលែងចូលទន្លេវិញ ក្នុងគោលបំណងអភិរក្សប្រភេទត្រីកម្រទាំងនេះឲ្យបានគង់វង្សតទៅ។
ក្រោយទទួលបានព័ត៌មានពីប្រជានេសាទ ដែលបាននេសាទបានត្រីរាជ ទម្ងន់ ៦៣ គីឡូក្រាម នៅថ្ងៃទី៣ ខែមករា ឆ្នាំ២០២៦ តាមដងទន្លេមេគង្គ ស្ថិតនៅភូមិពង្រ ឃុំរកាគយ ស្រុកកងមាស ខេត្តកំពង់ចាម ខណ្ឌរដ្ឋបាលជលផលកំពង់ចាម បានចុះទៅពិនិត្យ និងលែងត្រីរាជនោះចូលទៅក្នុងទន្លេវិញ។
មន្ត្រីជលផលបានឲ្យដឹងថា នៅវេលាម៉ោង ១០ និង ៣០ នាទី ខណ្ឌរដ្ឋបាលជលផលកំពង់ចាម បានទទួលព័ត៌មានពីប្រជានេសាទ ដែលបាននេសាទបានត្រីរាជ ដោយប្រើប្រាស់ឧបករណ៍ម៉ាញ់ នៅតាមដងទន្លេមេគង្គ ភូមិពង្រ ឃុំរកាគយ ស្រុកកងមាស ខេត្តកំពង់ចាម ហើយបានរាយការណ៍ជូនរដ្ឋបាលជលផលតាមនីតិវិធី។
បន្ទាប់មក ឯកឧត្តម ទឹម បូរក្ស អនុរដ្ឋលេខាធិការនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំក្រុមការងារបច្ចេកទេស នៃវិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍ជលផលទឹកសាប នៃរដ្ឋបាលជលផល គម្រោងអច្ឆរិយភាពនៃទន្លេមេគង្គ អធិការដ្ឋានរដ្ឋបាលជលផលមេគង្គ សហការជាមួយអាជ្ញាធរស្រុកកងមាស អាជ្ញាធរឃុំរកាគយ និងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំរកាគយ បានចុះពិនិត្យ និងកត់ត្រាទិន្នន័យ។
តាមការពិនិត្យឃើញថា ត្រីរាជខាងលើ ជាត្រីភេទញី មានប្រវែង ១៨៦ សង់ទីម៉ែត្រ ទម្ងន់សរុប ៦៣ គីឡូក្រាម ពាក់ស្លាករដ្ឋបាលជលផល លេខកូដ ០៣៩ ត្រូវបានប្រជានេសាទនេសាទបាននៅតាមដងទន្លេមេគង្គ ភូមិពង្រ ឃុំរកាគយ ស្រុកកងមាស ខេត្តកំពង់ចាម។ ក្រោយពីបានកំណត់អត្តសញ្ញាណរួចរាល់ ក្រុមការងារ និងមន្ត្រីជំនាញជលផល បានលែងត្រីរាជនេះចូលទៅក្នុងទន្លេមេគង្គវិញ៕
ដោយ៖ ប៉ៃ សុឃីម













