ដោយកត់សម្គាល់ឃើញថា អ្នកសារព័ត៌មានទាំងអស់នៅកម្ពុជា ដែលបានខិតខំពុះពារការលំបាកធ្វើសេចក្ដីរាយការណ៍ បទយកការណ៍ ផ្សព្វផ្សាយព័ត៌មានពិតជាច្រើនទាក់ទងនឹងការវាយប្រហាររបស់យោធាថៃមកលើកម្ពុជា អ្នកកាសែតកម្ពុជា (ក.អ.ក) នៅថ្ងៃទី៥ ខែមករា ឆ្នាំ២០២៦ បានចែកអាវក្រោះ និងមួកសុវត្ថិភាពជាលើកទី២ដល់អ្នកសារព័ត៌មានចំនួន ២១រូប មកពី ២០ស្ថាប័ន សរុបទាំងពីរលើកមានចំនួនជិត១០០ឈុតដើម្បីជួយការពារសុវត្ថិភាពដល់អ្នកសារព័ត៌មានដែលកំពុងបំពេញការងារព័ត៌មាននៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ និងទីកន្លែងងាយរងគ្រោះដទៃទៀតក្នុងតំបន់រងការវាយប្រហារពីទាហានថៃ។
អាវក្រោះ និងមួកសុវត្ថិភាពដែលមានស្លាកសញ្ញាអ្នកសារព័ត៌មាន ឬ PRESS ជាសញ្ញាដ៏ចាំបាច់បំផុតសម្រាប់អ្នកសារព័ត៌មាននៅពេលកំពុងបំពេញការងារ។
អ្នកកាសែតកម្ពុជា បានបញ្ជាក់ថា ការចុះយកព័ត៌មានក្នុងតំបន់រងការវាយប្រហារពីទាហានថៃមិនគ្រាន់តែបង្ហាញពីតួនាទីដ៏មានសារសំខាន់សម្រាប់វិស័យសារព័ត៌មានប៉ុណ្ណោះទេ ប៉ុន្តែជាភស្តុតាង ឬកំណត់ត្រាសម្រាប់ការស្រាវជ្រាវ និងចងក្រងឯកសារប្រវត្តិសាស្ត្រកម្ពុជាថែមទៀត។
រយៈពេល២១ថ្ងៃ នៃការវាយប្រហារដោយទាហានថៃមកលើកម្ពុជាបានធ្វើឲ្យជនស៊ីវិលស្លាប់៣២នាក់ និងរងរបួស ៩៥នាក់ ក្នុងនោះរួមទាំងអ្នកសារព័ត៌មានផងដែរ ខណៈជនភៀសសឹកសរុបមានជាង ៦៤០.០០០នាក់។ នេះបើយោងតាម សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងមហាផ្ទៃ៕
ដោយ៖ ចិន្តា ទីទិ












