ព្រោះតែការឈឺចាប់ចំពោះទង្វើរំលោភបំពានដោយគិតទុកជាមុន និងជាប្រព័ន្ធមកលើទឹកដី ព្រមទាំងប្រជាជាតិរបស់ខ្លួន កាលពីថ្ងៃអាទិត្យម្សិលមិញ ប្រជាពលរដ្ឋខ្មែររាប់រយនាក់រស់នៅប្រទេសបារាំង បានជួបជុំគ្នាធ្វើបាតុកម្មតវ៉ា និងថ្កោលទោសចំពោះការឈ្លានពានរបស់ប្រទេសថៃមកលើអធិបតេយ្យភាព និងបូរណភាពទឹកដីនៃព្រះរាជាណាចក្រកម្ពុជា។ ក្នុងនោះពលរដ្ឋដែលចូលរួម បាននាំគ្នាអំពាវនាវឱ្យសហគមន៍អន្តរជាតិដាក់សម្ពាធឱ្យរដ្ឋាភិបាលសៀមឱ្យបញ្ឈប់ការចិញ្ចឹមចិត្តឈ្លានពានមកលើទឹកដីកម្ពុជា និងយកចិត្តទុកដាក់ការពារសិទ្ធិ សន្តិភាព និងយុត្តិធម៌សម្រាប់កម្ពុជា។
ជាការកត់សម្គាល៖ ចលនានៃការធ្វើបាតុកម្មតវ៉ាទាមទាររបស់ប្រជាពលរដ្ឋខ្មែរដែលរស់នៅតាមបណ្តាប្រទេសផ្សេងៗបានផ្ទុះឡើង បន្ទាប់ពីយោធាសៀមបានបើកការវាយប្រហារជាបន្តបន្ទាប់មកលើទឹកដីខ្មែរដោយគិតទុកជាមុន និងជាប្រព័ន្ធ។ ក្នុងចលនានោះ គេឃើញមានពលរដ្ឋខ្មែររស់នៅសហរដ្ឋអាមេរិក អូស្ត្រាលី បារាំង កាណាដា កូរ៉ខាងត្បូង និងជប៉ុន ជាដើម បានលើកបដាតវ៉ា និងថ្កោលទោសចំពោះទង្វើឈ្លានពានរបស់ប្រទេសសៀមមកលើដែនអធិបតេយ្យកម្ពុជា៕
ដោយ៖ ង៉ែត ពិសាន្ត










