កម្លាំងរបស់អង្គភាពស៊ីម៉ាក់កម្ពុជាបាននឹងកំពុងបំពេញប្រតិបត្តិការ ក្នុងការធានាសុវត្តិភាពដល់ប្រជាពលរដ្ឋ ដែលត្រូវវិលត្រឡប់ទៅកាន់ភូមិឋាន និងផ្ទះសំបែងវិញ នេះបើតាមការលើកឡើងរបស់ ឯកឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកសកម្មភាពកំចាត់មីនកម្ពុជា CMAC បានថ្លែងដូចនេះ នៅក្នុងឱកាសអញ្ជើញជួបសំណេះសំណាលជាមួយសិក្ខាកាម ដែលកំពុងហ្វឹកហ្វឺន នៅវិទ្យាស្ថានបច្ចេកទេសសកម្មភាពកំចាត់មីន នៅខេត្តកំពង់ឆ្នាំង នាថ្ងៃទី៥ ខែកមរា ឆ្នាំ២០២៦ ។
ឯកឧត្តម អគ្គនាយក CMAC បានបញ្ជាក់ឲ្យដឹងទៀតថា កម្លាំងរបស់អង្គភាពស៊ីម៉ាក់ប្រមាណជិត៨០ កងអនុសេតូច ឬក្រុម ត្រូវបានដាក់ពង្រាយនៅតាមតំបន់ដែលរងផលប៉ះពាល់ដោយសារសង្គ្រាមឈ្លានពានរបស់យោធាថៃ ចាប់ពីខេត្តកោះកុង ដល់ខេត្តព្រះវិហារ ដើម្បីឆ្លើយតបសំណូមពរដ៏ចាំបាច់ និងបន្ទាន់បំផុត ។
ហើយឯកឧត្តម ហេង រតនា បង្ហាញនូវជំនឿយ៉ាងមុតមាំថា សិក្ខាកាមទាំងអស់ នឹងមានសមត្ថភាព វិជ្ជាជីវៈ ការទទួលខុសត្រូវ និងវិន័យខ្ពស់ ក្នុងការអនុវត្តបច្ចេកទេសបោសសម្អាតមីន ប្រកបដោយប្រសិទ្ធភាពសំដៅធានាសុវត្តិភាពជូនប្រជាពលរដ្ឋ និងសង្គមជាតិរបស់យើងទទួលបានជោគជ័យ ៕
ដោយ៖ ប៉ៃ សុឃីម


















