ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

កម្ពុជាប្តឹងទៅUNករណីថៃបំផ្លិចបំផ្លាញផ្ទះពលរដ្ឋខ្មែរនិងឱ្យថៃសងសំណងដល់ជនរងគ្រោះ

KPS99TV

សេចក្តីសង្ខេប

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាបានប្ដឹងទៅយន្តការអង្គការសហប្រជាជាតិ ថ្ងៃទី៥ មករា អំពីការបំផ្លិចបំផ្លាញលំនៅឋានដែលចោទថាបង្កដោយយោធាថៃ និងទាមទារឱ្យបញ្ឈប់ សងសំណង និងធានាការវិលត្រឡប់ដោយសុវត្ថិភាព។

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា (គ.ស.ម.ក.) នៅថ្ងៃទី០៥ ខែមករា បានប្ដឹងទៅកាន់ស្ថាប័នចំណុះឱ្យអង្គការសហប្រជាជាតិទាមទារឱ្យជួយបញ្ឈប់ជាបន្ទាន់ទង្វើយោធាថៃបំផ្លិចបំផ្លាញផ្ទះសម្បែង និងហេដ្ឋារចនាសម្ព័ន្ធស៊ីវិល និងវប្បធម៌ ព្រមទាំងបញ្ឈប់ទង្វើយោធាថៃលួចទ្រព្យសម្បត្តិពលរដ្ឋខ្មែរ ហើយហាមពលរដ្ឋខ្មែរចូលទៅរស់នៅក្នុងផ្ទះសម្បែងវិញ និងទាមទារឱ្យថៃផ្ដល់សំណងជូនពលរដ្ឋខ្មែររងគ្រោះ។

សេចក្តីប្រកាសព័ត៌មានរបស់គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា នៅថ្ងៃទី០៥ ខែមករា បានលាតត្រដាងទង្វើរបស់ថៃថា ទោះបីជាមានកិច្ចព្រមព្រៀងបទឈប់បាញ់យ៉ាងណាក៏ដោយ ក៏ប្រទេសថៃនៅតែបន្តប្រើប្រាស់កម្លាំងយោធាសោយខុសច្បាប់ បង្កើនសកម្មភាពបំផ្លិចបំផ្លាញផ្ទះសម្បែង ទ្រព្យសម្បត្តិ និងហេដ្ឋារចនាសម្ព័ន្ធស៊ីវិល និងវប្បធម៌កម្ពុជា។ ពិសេសទាហានថៃបានគាស់និងលុកលុយទន្ទ្រានចូលក្នុងលំនៅឋានពលរដ្ឋលួចយកទ្រព្យសម្បត្តិដូចជាម៉ូតូ គោយន្ត និងសម្ភារៈផ្សេងៗទៀត នៅភូមិព្រៃចាន់ ភូមិជោគជ័យ និងតំបន់បឹងត្រកួន ខេត្តបន្ទាយមានជ័យ និងតំបន់មួយចំនួនទៀតនៅខេត្តព្រះវិហារ ឧត្តរមានជ័យ និងពោធិ៍សាត់។ ទង្វើឈ្លានពានទាំងនេះ បានបណ្តាលឱ្យប្រជាពលរដ្ឋស៊ីវិលកម្ពុជារាប់រយពាន់គ្រួសារត្រូវបង្ខំចិត្តចាកចេញពីលំនៅឋាន បាត់បង់ដីធ្លី និងទ្រព្យសម្បត្តិ។ សកម្មភាពរបស់យោធាថៃ ផ្ទុយទាំងស្រុងនឹងសេចក្តីថ្លែងការណ៍ កិច្ចព្រមព្រៀង និងកាតព្វកិច្ចអន្តរជាតិនានារបស់រដ្ឋភាគីស្តីពីការការពារសិទ្ធិមានលំនៅឋានសមរម្យ ព្រមទាំងសិទ្ធិកាន់កាប់

ទ្រព្យសម្បត្តិឯកជន។

ប៉ុន្តែក្នុងពាក្យបណ្ដឹងដែលគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាប្តឹងទៅកាន់ឯកឧត្តម Volker Turk ឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស (OHCHR) និងអ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមានលំនៅឋានសមរម្យ នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស បានស្នើឱ្យយន្តការសិទ្ធិមនុស្សអង្គការសហប្រជាជាតិដោះស្រាយជាបន្ទាន់ចំពោះផលប៉ះពាល់ដែលបង្កឡើងដោយការរំលោភបំពាន និងការបំផ្លិចបំផ្លាញពីសំណាក់ប្រទេសថៃលើសិទ្ធិមានលំនៅឋានសមរម្យនិងសិទ្ធិជាម្ចាស់កម្មសិទ្ធិក្នុងប្រទេសកម្ពុជា និងស្នើឱ្យបញ្ឈប់ភ្លាមៗនូវការបណ្តេញចេញដោយបង្ខំ ការបំផ្លិចបំផ្លាញផ្ទះសម្បែង និងការហាមឃាត់ការវិលត្រឡប់ចូលលំនៅឋានវិញ ហើយថៃត្រូវតែដកកងកម្លាំងចេញពីទឹកដីកម្ពុជា បញ្ឈប់ជាបន្ទាន់នូវរាល់ការបំផ្លិចបំផ្លាញ លំនៅឋានស៊ីវិល និងធានាការវិលត្រឡប់វិញដោយសុវត្ថិភាពនិងសេចក្តីថ្លៃថ្នូររបស់ជនភៀសសឹកកម្ពុជា។

មិនតែប៉ុណ្ណោះ កម្ពុជាទាមទារឱ្យយន្តការសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិត្រូវបញ្ជាក់ស្ថានភាពនេះនៅក្នុងបណ្ដឹង និងរបាយការណ៍នានាថាជាករណីមួយនៃការរំលោភយ៉ាងធ្ងន់ធ្ងរលើសិទ្ធិមានលំនៅឋានសមរម្យ ដែលពាក់ព័ន្ធនឹងជម្លោះប្រដាប់អាវុធ និងជំរុញឱ្យប្រទេសថៃផ្តល់នូវការជួសជុលការខូចខាតនានាជូនដល់ជនរងគ្រោះកម្ពុជា ដូចជាការផ្តល់នូវសំណង និងការធានាមិនឱ្យករណីបែបនេះកើតឡើងជាថ្មីម្តងទៀត។

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានសង្កត់ធ្ងន់ទៅកាន់យន្តការសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិថា៖ «ភាពអសកម្ម និងយឺតយ៉ាវ ក្នុងការឆ្លើយតបចំពោះអំពើឈ្លានពានដ៏គឃ្លីនរបស់ប្រទេសថៃមកលើបូរណភាពទឹកដី និងប្រជាជនស៊ីវិលកម្ពុជា បាននិងកំពុងបំផ្លាញជំនឿទុកចិត្តលើប្រព័ន្ធការពារសិទ្ធិមនុស្ស។ ក្នុងស្ថានភាពនេះ ភាពស្ងៀមស្ងាត់ មិនមែនជាអព្យាក្រឹតភាពទេ ប៉ុន្តែជាការអនុញ្ញាតឱ្យមាននិទណ្ឌភាព ភាពអយុត្តិធម៌ និងស្តង់ដាពីរ ដែលធ្វើឱ្យច្បាប់អន្តរជាតិបាត់បង់សុពលភាព និងគំរាមកំហែងដល់សន្តិភាព សុវត្ថិភាព និងសណ្តាប់ធ្នាប់ពិភពលោក»៕

ដោយ៖ ង៉ែត ពិសាន្ត

មតិយោបល់

កំពុងផ្ទុកមតិយោបល់…