នៅថ្ងៃទី៦ ខែមករា អភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង បានស្នើឱ្យនគរបាល កងរាជអាវុធហត្ថ និងរដ្ឋបាលខណ្ឌទាំង១៤ បន្តបង្កើនការអនុវត្តច្បាប់ បង្ក្រាបយ៉ាងតឹងរ៉ឹងនូវការឆបោកតាមទូរគមនាគមន៍និងអ៊ីនធឺណិត បិទល្បែងស៊ីសងគ្រប់ប្រភេទយ៉ាងដាច់ខាត និងលុបបំបាត់អំពើល្មើសច្បាប់និងបទឧក្រិដ្ឋក្នុងដែនសមត្ថកិច្ច ដើម្បីពង្រឹងសន្តិសុខ និងសណ្ដាប់ធ្នាប់សាធារណៈ។
លោក ឃួង ស្រេង បានលើកឡើងថា គណៈបញ្ជាការឯកភាពតាមខណ្ឌជាទូទៅបានបំពេញភារកិច្ចប្រកបដោយប្រសិទ្ធភាព ប៉ុន្តែមិនត្រូវបន្ធូរបន្ថយការប្រុងប្រយ័ត្នឡើយ ហើយត្រូវរក្សាសម្ពាធអនុវត្តច្បាប់ជាបន្តយូរអង្វែង។ លោកបញ្ជាក់ថា ការបង្ក្រាបឆបោកអនឡាញជាការងារអាទិភាពដែលរដ្ឋាភិបាលយកចិត្តទុកដាក់ខ្ពស់។ ខណ្ឌនីមួយៗត្រូវពិនិត្យស្ថានភាពក្នុងមូលដ្ឋានឱ្យបានទូលំទូលាយ ហើយបើរកឃើញទីតាំងពាក់ព័ន្ធឆបោកអនឡាញ មិនថាធំឬតូច ត្រូវចាត់ការតាមច្បាប់ភ្លាមៗ។ ល្បែងជល់មាន់ បៀ គ្រាប់ឡុកឡាក់ ឆ្នោតខុសច្បាប់ ឡូតូ និងល្បែងស៊ីសងគ្រប់ប្រភេទ ក៏ត្រូវបិទយ៉ាងដាច់ខាត ដើម្បីកុំឱ្យប៉ះពាល់ជីវភាពប្រជាជន និងស្ថិរភាពសង្គម។
របាយការណ៍សរុបដោយស្ថានីយនេះ







