ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

សម្តេចហ៊ុន សែន៖២០២៦ជាឆ្នាំទី៣របស់រដ្ឋាភិបាលនីតិកាលទី៧ប្តេជ្ញាចិត្តការពារប្រជាជននិងបូរណភាពទឹកដី

KPS99TV

សេចក្តីសង្ខេប

សម្ដេច ហ៊ុន សែន លើកឡើងក្នុងខួបទី៤៧ ថ្ងៃជ័យជម្នះ ៧ មករាថា រដ្ឋាភិបាលនីតិកាលទី៧បន្តការពារប្រជាជន និងបូរណភាពទឹកដី ស្វែងរកសន្តិភាពយុត្តិធម៌ និងអំពាវនាវឱ្យជាតិរួបរួម។

សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានបញ្ចេញសារក្នុងឱកាសរំឭកខួបទី៤៧ នៃទិវាជ័យជម្នះ ៧មករា ដោយបញ្ជាក់ថា ឆ្នាំ២០២៦ ជាឆ្នាំទី៣ របស់រាជរដ្ឋាភិបាលនីតិកាលទី៧នៃរដ្ឋសភា ក្នុងការអនុវត្តកម្មវិធីនយោបាយរបស់ខ្លួនឱ្យសម្រេចបានសមិទ្ធផលថ្មីៗទៀត ជាមួយនឹងការប្តេជ្ញាចិត្តយ៉ាងមោះមុតក្នុងការការពារប្រជាជន និងបូរណភាពទឹកដី។

ការបញ្ជាក់ដូច្នេះស្របពេលដែលប្រទេសកម្ពុជានៅតែត្រូវប្រឈមនឹងការវិវត្តដ៏ស្មុគស្មាញនៃសភាពការណ៍អន្តរជាតិ ភាពមិនច្បាស់លាស់នៃសេដ្ឋកិច្ចសកល និងការចុះខ្សោយនៃសណ្តាប់ធ្នាប់អន្តរជាតិផ្នែកលើច្បាប់។ ពិសេសប្រទេសថៃបានបង្កសង្គ្រាមរំលោភបំពានកម្ពុជាយ៉ាងកម្រោលមកលើបូរណភាពទឹកដីកម្ពុជានៅតាមបណ្តោយព្រំដែន។

ក្នុងស្ថានការណ៍ដ៏ធ្ងន់ធ្ងរនេះ សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាបានប្រកាន់ជំហរអត់ធ្មត់ប្រកបដោយសុឆន្ទៈ និងភាពស្មោះត្រង់ ខិតខំដោះស្រាយបញ្ហាព្រំដែនជាមួយថៃដោយសន្តិវិធីតាមគ្រប់យន្តការ និងស្របតាមច្បាប់អន្តរជាតិ ពិសេសបានអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវបទឈប់បាញ់ដែលបានព្រមព្រៀងគ្នាកាលពីថ្ងៃទី២៨ ខែកក្កដា  និងសេចក្តីថ្លែងការណ៍រួមទីក្រុងគូឡាឡាំពួនៅថ្ងៃទី២៦ តុលា។ ប៉ុន្តែភាគីថៃបានពង្រីកសកម្មភាពវាយប្រហារកាន់តែធំឡើងដែលធ្វើឱ្យសភាពការណ៍កាន់តែមានសភាពធ្ងន់ធ្ងរ និងមហន្តរាយឡើងសម្រាប់ប្រជាជននៃប្រទេសទាំងពីរ។

បើតាមសម្តេចប្រធានព្រឹទ្ធសភា កម្ពុជាសូមបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការខិតខំដើម្បីសម្រេចនូវគោលដៅចម្បងខ្លួនគឺការបញ្ចប់ទុក្ខវេទនារបស់ប្រជាជន ទប់ស្កាត់ការបំផ្លិចបំផ្លាញ និងបន្តដើរលើមាគ៌ាឆ្ពោះទៅរកសន្តិភាពដំណោះស្រាយប្រកបដោយយុត្តិធម៌ និងចីរកាល។ ទន្ទឹមគ្នានេះ កម្ពុជានឹងមិនធ្វើសម្បទាននូវអធិបតេយ្យ ឬសេចក្តីថ្លៃថ្នូររបស់ខ្លួនឡើយ។

សម្ដេចតេជោ សង្កត់ធ្ងន់ថា៖ «យើងចងចាំប្រវត្តិសាស្ត្រនេះ ចងចាំឧក្រិដ្ឋកម្មបំផ្លាញមរតកវប្បធម៌ដែលជាដួងព្រលឹងរបស់ជាតិ ចងចាំការប្រមាថមើលងាយដែលអ្នកឈ្លានពានបានប្រព្រឹត្តមកលើជាតិ មាតុភូមិ និងប្រជាជនយើង»។ ដូច្នេះសម្តេចអំពាវនាវដល់បងប្អូនជនរួមជាតិទាំងអស់នៅគ្រប់ទិសទីសូមបន្តរួបរួមសាមគ្គីគ្នាជាធ្លុងមួយ ក្រោមបាវចនា ជាតិ សាសនា ព្រះមហាក្សត្រ និងរួមសាមគ្គីជុំវិញរាជរដ្ឋាភិបាល ប្រកបដោយជំនឿមុតមាំចំពោះបុព្វហេតុដ៏យុត្តិធម៌របស់យើង។ «សាមគ្គីរស់ សាមគ្គីឈ្នះ ហើយគ្មានអានុភាពណាមកបំផ្លាញឆន្ទៈរបស់យើងបានឡើយ»។ នេះជាពាក្យដែលសម្តេចតេជោចង់បញ្ជាក់ទៅកាន់បងប្អូនជនរួមជាតិ៕

ដោយ៖ ង៉ែត ពិសាន្ត

មតិយោបល់

កំពុងផ្ទុកមតិយោបល់…