នៅថ្ងៃទី៧ ខែមករា ក្នុងឱកាសខួបទី៤៧ នៃថ្ងៃជ័យជម្នះ ៧ មករា សម្ដេច ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងប្រធានគណបក្សប្រជាជនកម្ពុជា បានថ្លែងសារពិសេសទៅកាន់ប្រជាជាតិ។ សម្ដេចអំពាវនាវឱ្យប្រជាជនកម្ពុជាគ្រប់រូប ទោះរស់នៅទីណាក៏ដោយ រួបរួមគ្នា ឈរជាមួយរដ្ឋាភិបាល គាំទ្រយ៉ាងមុតមាំបុព្វហេតុយុត្តិធម៌របស់ជាតិ និងរួមគ្នាឆ្លើយតបនឹងបញ្ហាប្រឈមចំពោះការអភិវឌ្ឍជាតិ ដែលបណ្ដាលពីការប្រែប្រួលស្មុគស្មាញនៃស្ថានការណ៍អន្តរជាតិ និងភាពមិនប្រាកដប្រជានៃសេដ្ឋកិច្ចពិភពលោក។
ក្នុងសារ សម្ដេច ហ៊ុន សែន បានចោទប្រកាន់ថា ថៃបានយកលេសថាការពារសន្តិសុខនិងអធិបតេយ្យភាពរបស់ខ្លួន ដើម្បីធ្វើការឈ្លានពានយោធាយ៉ាងធ្ងន់ធ្ងរលើតំបន់ព្រំដែនកម្ពុជា រំលោភអធិបតេយ្យភាព និងបូរណភាពទឹកដីកម្ពុជា។ សម្ដេចថា ភាគីថៃបានវាយប្រហារកងទ័ពកម្ពុជា ហើយប្រើអាវុធជើងគោក ជើងទឹក និងជើងអាកាសវាយប្រហារគោលដៅស៊ីវិល បង្កគ្រោះមហន្តរាយយ៉ាងធំដល់ប្រជាជនមូលដ្ឋាន។ សម្ដេចបញ្ជាក់ថា សកម្មភាពទាំងនេះរំលោភយ៉ាងជាក់ស្ដែងលើធម្មនុញ្ញអង្គការសហប្រជាជាតិ ធម្មនុញ្ញអាស៊ាន និងច្បាប់មនុស្សធម៌អន្តរជាតិ ព្រមទាំងបំផ្លាញយ៉ាងធ្ងន់ធ្ងរដល់សន្តិភាពក្នុងតំបន់ និងស្មារតីសហគមន៍អាស៊ាន។

សម្ដេច ហ៊ុន សែន បានបញ្ជាក់ឡើងវិញថា កម្ពុជាតែងតែប្រកាន់យកការដោះស្រាយបញ្ហាដោយសន្តិវិធី យុត្តិធម៌ និងចីរភាព ប៉ុន្តែមិនព្រមសម្បទានលើអធិបតេយ្យភាពជាតិ និងសេចក្ដីថ្លៃថ្នូរជាតិឡើយ។ កម្ពុជានឹងបន្តអនុវត្តយ៉ាងតឹងរ៉ឹងនូវកិច្ចព្រមព្រៀងឈប់បាញ់ និងសេចក្ដីប្រកាសរួមក្រុងគូឡាឡាំពួរ ហើយសម្ដេចបានអរគុណអាម៉េរិក ចិន និងប្រទេសអាស៊ានចំពោះកិច្ចខិតខំប្រឹងប្រែងដើម្បីសន្តិភាព។ សម្ដេចអំពាវនាវឱ្យប្រជាជនលើកតម្កើងស្មារតីស្នេហាជាតិ និងការពឹងផ្អែកលើខ្លួនឯង ចងចាំប្រវត្តិសាស្ត្រនិងការឈឺចាប់ពីការឈ្លានពាន និងជឿជាក់ថា កម្លាំងមហាសាមគ្គីជាតិនឹងធ្វើឱ្យកម្ពុជាឈ្នះគ្រប់ការលំបាក និងបញ្ហាប្រឈម។
របាយការណ៍សរុបដោយស្ថានីយនេះ






