ប្រជានេសាទខ្មែរចំនួន៤នាក់ រួមទាំងទូក១គ្រឿង ត្រូវបានកងទ័ពជើងទឹកថៃប្រើនាវាចម្បាំងចូលមកចាប់ដល់ដែនសមុទ្រកម្ពុជា ខណៈពួកគាត់កំពុងធ្វើសកម្មភាពនេសាទនៅជិតៗផ្ទះរបស់ខ្លួន។ ការចាប់ខ្លួននេះ បានធ្វើឡើងកាលពីវេលាម៉ោង១១ និង៣០នាទីព្រឹកថ្ងៃទី០៦ ខែមករា ឆ្នាំ២០២៦ នៅចំណុចកោះយ៉ ស្ថិតក្នុងឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង។
តាមរបាយការណ៍សមត្ថកិច្ចព្រំដែនទឹក បានអះអាងថា កម្មករនេសាទចំនួន៤នាក់ដែលទាហានជើងទឹកថៃបានចូលចាប់ខ្លួនរួមមាន៖ ១.ឈ្មោះ តី ជឿន ភេទប្រុស អាយុ៤៨ឆ្នាំ មានទីលំនៅភូមិ៣ ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង ជាម្ចាស់និងជាតៃកុងទូក, ២. ឈ្មោះ ណុប គឹមហេង ភេទប្រុស អាយុ១៧ឆ្នាំ មានទីលំនៅខេត្តកំពត កូនដៃទូក, ៣. ឈ្មោះ គង់ បារាំង ភេទប្រុស អាយុ ៤២ឆ្នាំ មានទីលំនៅខេត្តកំពត កូនដៃទូក និង៤. មិនស្គាល់ឈ្មោះ ប៉ុន្តែអាយុប្រហែល៥៥ឆ្នាំ ។
ចំណែក លោកជំទាវ ឈី វ៉ា អភិបាលខេត្តកោះកុង បានអះអាងថា ប្រជានេសាទខ្មែរទាំង៤រូបនេះ ត្រូវបានចាប់ខ្លួនដោយកងល្បាតរបស់ថៃ ហើយដឹកបញ្ជូនទៅកាន់ខេត្តត្រាត ប្រទេសថៃ។ ពាក់ព័ន្ធនឹងករណីនេះ សមត្ថកិច្ចកម្ពុជាកំពុងអន្តរាគមន៍ដើម្បីឱ្យថៃដោះលែងបញ្ជូនប្រជានេសាទទាំងនោះត្រឡប់មកវិញផងដែរ៕
ដោយ៖ ង៉ែត ពិសាន្ត











