ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

អាជ្ញាធរខេត្តកោះកុងហាមប្រជានេសាទចូលក្នុងតំបន់ដែលថៃគ្រប់គ្រងក្រោយអ្នកនេសាទខ្មែរ៤នាក់ត្រូវបានថៃចាប់ខ្លួន!

KPS99TV

សេចក្តីសង្ខេប

អភិបាលខេត្តកោះកុង លោកស្រី ឈី វ៉ា ណែនាំឱ្យប្រជានេសាទនៅជិតៗក្នុងដែនសមុទ្រកម្ពុជា និងកុំចូលជ្រៅទៅតំបន់ថៃគ្រប់គ្រង។ លោកស្រីថា អាជ្ញាធរកំពុងសម្របសម្រួលនាំអ្នកនេសាទ៤នាក់ត្រឡប់មកវិញ។

បន្ទាប់ពីកងទ័ពជើងទឹកថៃបានចូលចាប់ខ្លួនប្រជានេសាទខ្មែរចំនួន៤នាក់ រួមទាំងទូកនេសាទ១គ្រឿង នៅក្នុងដែនសមុទ្រកម្ពុជា ស្ថិតនៅចំណុចកោះយ៉ ក្នុងឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង  លោកជំទាវ ឈី វ៉ា អភិបាលខេត្ត បានណែនាំប្រជានេសាទសមុទ្រក្នុងខេត្តកោះកុងទាំងអស់កុំឱ្យការធ្វើនេសាទចូលជ្រៅទៅកាន់តំបន់ភាគីថៃគ្រប់គ្រង ព្រោះដោយសារស្ថានភាពព្រំដែននៅមិនទាន់បន្ថយកម្តៅនៅឡើយ។

ក្នុងជំនួបជាមួយប្រជានេសាទ និងក្រុមគ្រួសារប្រជានេសាទ នៅក្រុងខេមរភូមិន្ទ និងស្រុកមណ្ឌលសីមា កាលពីថ្ងៃ០៧ ខែមករា លោកជំទាវអភិបាលខេត្ត បានអំពាវនាវឱ្យប្រជានេសាទចូលរួមអនុវត្តឱ្យបានត្រឹមត្រូវតាមគោលការណ៍ដែលច្បាប់កំណត់ និងធ្វើនេសាទនៅតំបន់ជិតៗក្នុងដែនសមុទ្រកម្ពុជា។ 

ទន្ទឹមគ្នានោះ លោកជំទាវក៏បានជួបជាមួយក្រុមគ្រួសារប្រជានេសាទទាំង៤នាក់ដែលកងទ័ពថៃចាប់ខ្លួនផងដែរ។ ទោះបីជាយ៉ាង លោកជំទាវ ឈី វ៉ា បានបញ្ជាក់ដែរថា អាជ្ញាធរកម្ពុជាកំពុងខិតខំប្រឹងប្រែងសម្របសម្រួលជាមួយភាគីថៃយ៉ាងសកម្ម ដើម្បីនាំយកបងប្អូនប្រជានេសាទទាំង៤នាក់របស់យើងត្រឡប់មកវិញដោយសុខសុវត្ថិភាព។

សូមជម្រាបថា គិតត្រឹមម៉ោង១១និង៣០នាទីព្រឹកថ្ងៃទី០៨ ខែមករា ឆ្នាំ២០២៦នេះ មានរយៈពេល៣ថ្ងៃដែលអ្នកនេសាទខ្មែរ៤នាក់ត្រូវបានកងទ័ពជើងទឹកថៃចូលចាប់ខ្លួន ហើយបញ្ជូនទៅកាន់ប្រទេសថៃ៕

ដោយ៖ ង៉ែត ពិសាន្ត

មតិយោបល់

កំពុងផ្ទុកមតិយោបល់…