ឯកឧត្តម ឈួរ សុបញ្ញា សមាជិកយុវជនគណបក្សថ្នាក់កណ្តាល និងជាប្រធានយុវជនគណបក្សក្រសួងធម្មការ និងសាសនា ព្រមទាំងជាក្រុមប្រឹក្សាឃុំដំណាក់រាំង បានចុះជួបសួរសុខទុក្ខលោក សា គឹមសាន អតីតយុទ្ធជនកងកាំភ្លើងធំ ដែលកំពុងមានជំងឺលើសសម្ពាធឈាម និងសម្រាកព្យាបាលនៅគេហដ្ឋាន ស្ថិតនៅភូមិពោធិ៍ ឃុំដំណាក់រាំង ស្រុកគងពិសី ខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី៧ ខែមករា ឆ្នាំ២០២៦ ក្នុងឱកាសខួបលើកទី៤៧ នៃទិវាជ័យជម្នះ ៧ មករា។
ក្នុងឱកាសនោះ ឯកឧត្តមបាននាំយកនូវការផ្តាំផ្ញើសួរសុខទុក្ខ និងជូនពររបស់សម្តេចទាំងពីរ និងឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសារធារណៈ និងជាប្រធានក្រុមការងារចុះមូលដ្ឋានខេត្តកំពង់ស្ពឺ ជូនចំពោះលោក សា គឹមសាន និងក្រុមគ្រួសារ។ ជាមួយគ្នានេះ ក្រុមការងារក៏បាននាំយកថវិកាមួយចំនួន និងរូបថតរួមគ្នារបស់អតីតយុទ្ធជន និងនិវត្តជន ដែលបានថតកាលពីកម្មវិធី «ដឹងគុណចំពោះនិវត្តជន និងអតីតយុទ្ធជន» កន្លងមកផងដែរ។
ឯកឧត្តមបានរំលឹកថា អតីតយុទ្ធជន គឺជាមនុស្សដែលបានឈរនៅមុខសេចក្តីស្លាប់ ដើម្បីឲ្យប្រជាជាតិឈរនៅក្រោយសន្តិភាព។ ឈាម សាច់ កាយ និងយុវវ័យរបស់ពួកគាត់ ត្រូវបានដាក់ជាថ្លៃដើម សម្រាប់ឯករាជ្យភាព អធិបតេយ្យភាព និងសន្តិភាព ដែលយើងទាំងអស់គ្នាកំពុងរស់នៅសព្វថ្ងៃ។
ឯកឧត្តមបានបន្តថា ការចុះសួរសុខទុក្ខអតីតយុទ្ធជននៅមូលដ្ឋាន គឺជាសក្ខីភាពយ៉ាងច្បាស់នៃការទទួលខុសត្រូវរបស់អ្នកជំនាន់ក្រោយ និងជាការអនុវត្តតាមអនុសាសន៍របស់ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ថា យើងមិនដែលភ្លេចអ្នកដែលបានជួយសង្គ្រោះជាតិឡើយ។ មិនថាពួកគាត់រស់នៅក្នុងផ្ទះធំ ឬផ្ទះតូច មិនថាសុខស្រួល ឬប្រឈមទុក្ខលំបាកក្តី ការចងចាំ និងការថែរក្សា ត្រូវធ្វើជានិច្ច មិនមែនធ្វើតែពេលមានព្រឹត្តិការណ៍នោះឡើយ។
ការផ្សារភ្ជាប់សុខទុក្ខ មិនមែនជាការផ្តល់អំណោយមួយដងហើយបញ្ចប់ទេ ប៉ុន្តែជាការចងខ្សែស្មារតីជាតិឱ្យជាប់លាប់ រវាងអតីតកាល បច្ចុប្បន្ន និងអនាគត។ វាជាការបំលែងពាក្យ «ដឹងគុណ» ទៅជាសកម្មភាព និងបំលែងពាក្យ «ចងចាំ» ទៅជាការទទួលខុសត្រូវជាក់ស្តែង។
សម្រាប់យើងខ្ញុំជាយុវជនជំនាន់ក្រោយ នេះជាមេរៀនដ៏សំខាន់មួយថា ការផ្សារភ្ជាប់សុខទុក្ខអតីតយុទ្ធជន គឺជាការបន្តស្មារតីដឹកនាំជាតិ ស្មារតីមិនភ្លេចអតីតកាល ដើម្បីការពារបច្ចុប្បន្ន និងធានាអនាគត៕ ដោយ៖ ប៉ៃ សុឃីម












