យោងតាមក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានឲ្យដឹងថា កម្ពុជា នឹងមានរោងចក្រផលិតស៊ីម៉ងត៍មួយទៀត នៅខេត្តក្រចេះ ក្នុងពេលឆាប់ៗខាងមុខ ជាមួយទុនវិនិយោគប្រមាណ ២៨៦ លានដុល្លារ ដែលអាចបង្កើតការងារប្រមាណ ៤២០ កន្លែង។
ដោយឡែក អ្នកនាំពាក្យក្រសួងរ៉ែ និងថាមពល លោក អ៊ឹង ឌីប៉ូឡា អគ្គនាយកនៃអគ្គនាយកដ្ឋានធនធានរ៉ែ បានឲ្យដឹងថា រោងចក្រនេះ គ្រោងនឹងដាក់ឲ្យដំណើរការនៅចុងឆ្នាំ ២០២៦ ឬដើមឆ្នាំ ២០២៧ ហើយមានសមត្ថភាពផលិតស៊ីម៉ងត៍ប្រមាណ ១ លានតោនក្នុងមួយឆ្នាំ។
បច្ចុប្បន្ននេះ កម្ពុជា អាចផលិតស៊ីម៉ងត៍បានចន្លោះពី ៨ ទៅ ៩ លានតោនក្នុងមួយឆ្នាំ សម្រាប់ការប្រើប្រាស់ក្នុងស្រុក។ ក្រៅពីការបំពេញតម្រូវការក្នុងស្រុក កម្ពុជា ក៏បាននាំចេញស៊ីម៉ងត៍ទៅកាន់ប្រទេសជិតខាងមួយចំនួនផងដែរ។
ទោះបីជាការផលិតក្នុងស្រុកមានភាពគ្រប់គ្រាន់ក៏ដោយ លោក អ៊ឹង ឌីប៉ូឡា បានពន្យល់ថា ក្នុងករណីខ្លះ កម្ពុជា នៅតែនាំចូលស៊ីម៉ងត៍ពីប្រទេសជិតខាង ដើម្បីផ្គត់ផ្គង់គម្រោងសាងសង់នៅតាមខេត្តឆ្ងាយៗ ដែលត្រូវចំណាយថ្លៃដឹកជញ្ជូនខ្ពស់។
លោកបានបន្ថែមថា បច្ចុប្បន្ន កម្ពុជា មានរោងចក្រផលិតស៊ីម៉ងត៍ចំនួន ៦ កំពុងដំណើរការ ក្នុងនោះមានរោងចក្រចំនួន ៤ ស្ថិតនៅខេត្តកំពត និងរោងចក្រចំនួន ២ ស្ថិតនៅខេត្តកំពង់ស្ពឺ និងខេត្តបាត់ដំបង ដែលមានសមត្ថភាពផលិតសរុបប្រមាណ ១៤ លានតោនក្នុងមួយឆ្នាំ។
លោក អ៊ឹង ឌីប៉ូឡា ក៏បានកត់សម្គាល់ថា នៅឆ្នាំ ២០២៥ វិស័យរ៉ែរបស់កម្ពុជា បានបង្កើតការងារជាង ១០.០០០ កន្លែង កើនឡើងជិត ១០ ភាគរយ។ ក្នុងចំណោមកម្មករទាំងនេះ មានជនបរទេសចំនួន ១.០៩០ នាក់។ ទោះជាយ៉ាងណា ចំនួនកម្មករបរទេស បានថយចុះជាបន្តបន្ទាប់ ដោយសារពលរដ្ឋកម្ពុជាកាន់តែច្រើន ត្រូវបានបណ្តុះបណ្តាល និងជួលឲ្យធ្វើការនៅក្នុងវិស័យនេះ។
ដោយឡែក ពលរដ្ឋខ្មែរ ដែលបានវិលត្រឡប់មកពីប្រទេសថៃ ត្រូវបានលើកទឹកចិត្តឲ្យងាកមកចាប់ការងារធ្វើនៅក្នុងស្រុកវិញ ដែលមានប្រាក់ឈ្នួលសមរម្យ ខណៈដែលបច្ចុប្បន្ន រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានយកចិត្តទុកដាក់បង្កើតឱកាសវិនិយោគជាច្រើន សម្រាប់ប្រជាពលរដ្ឋ ជាពិសេសការបណ្តុះបណ្តាលជំនាញ T-VET និងជំនាញក្នុងវិស័យរ៉ែជាដើម៕ ដោយ៖ ប៉ៃ សុឃីម








