ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

កម្ពុជាអះអាងថាយោធាថៃបន្តបង្ហោះដ្រូន២៧គ្រឿងចូលទឹកដីកម្ពុជាក្នុងខេត្តពោធិ៍សាត់និងខេត្តព្រះវិហារ

KPS99TV

សេចក្តីសង្ខេប

ក្រសួងមហាផ្ទៃបានអះអាងនៅថ្ងៃទី៨ ខែមករាថា ដ្រូនថៃ២គ្រឿងបានចូលខេត្តពោធិ៍សាត់ និង២៥គ្រឿងចូលខេត្តព្រះវិហារ កាលពីយប់ថ្ងៃទី៧។ ក្រសួងថាកំពុងបន្តតាមដានសភាពការណ៍ និងប្រកៀកស្មាជាមួយកងយោធពលខេមរភូមិន្ទ។

ក្រសួងមហាផ្ទៃកម្ពុជា នៅថ្ងៃទី០៨ ខែមករា ឆ្នាំ២០២៦នេះ បានអះអាងថា ភាគីថៃបានបន្តបង្ហោះដ្រូនរំលោភចូលដែនអធិបតេយ្យកម្ពុជា កាលពីយប់ថ្ងៃទី០៧ ខែមករា។ ក្នុងសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងមហាផ្ទៃ បានកត់សម្គាល់ដែរថា ភាគីថៃបន្តបង្ហោះដ្រូនរំលោភចូលទឹកដីខេត្តពោធិ៍សាត់មានចំនួន២គ្រឿង និងខេត្តព្រះវិហារចំនួន ២៥គ្រឿង ដែលសរុបមានរហូតទៅដល់ ២៧គ្រឿង។

តាមសេចក្តីប្រកាសព័ត៌មានដដែល បានបញ្ជាក់បន្ថែមថា ក្រសួងមហាផ្ទៃ មិនមានការប្រតិកម្មអ្វីចំពោះសកម្មភាពបង្ហោះដ្រូនរបស់យោធាថៃឡើយ ប៉ុន្តែគ្រាន់តែអះអាងថា ក្រសួងកំពុងបន្តតាមដានសភាពការណ៍វិវត្តន៍នៅសមរភូមិមុខជាប់ជាប្រចាំ និងប្រកៀកស្មាជាមួយកងយោធពលខេមរភូមិន្ទ ដើម្បីការពារអធិបតេយ្យភាព និងបូរណភាពទឹកដីស្របច្បាប់របស់កម្ពុជា។

ជាការកត់សម្គាល់៖ កាលពីថ្ងៃទី០៥ ខែមករា ភាគីថៃបានប្រើប្រាស់ដ្រូនស៊ើបការណ៍ចំនួន១គ្រឿងហោះរំលោភចូលទឹកដីកម្ពុជានៅភូមិសាស្រ្តខេត្តពោធិ៍សាត់ និង១គ្រឿងទៀតហោះភូមិសាស្រ្តច្រកទ្វាព្រំដែនអន្តរជាតិចាំយាមខេត្តកោះកុង។ ដោយឡែក នៅយប់ថ្ងៃទី០៦ ខែមករា ភាគីថៃក៏បានបន្តប្រើប្រាស់ដ្រូនស៊ើបការណ៍ចំនួន១គ្រឿងហោះចូលពីមុខភូមិសាស្រ្តច្រកផ្លូវ៥៦ និង២គ្រឿងផ្សេងទៀតហោះកាត់ភូមិសាស្រ្តអូរភ្លុកដំរី ឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់៕

ដោយ៖ ង៉ែត ពិសាន្ត

មតិយោបល់

កំពុងផ្ទុកមតិយោបល់…