រាជធានីភ្នំពេញ៖ នៅថ្ងៃទី៨ ខែមករា ឆ្នាំ២០២៦ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធានក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារ និងផ្សព្វផ្សាយទេសចរណ៍កម្ពុជា បានដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៥ និងលើកទិសដៅការងារបន្តសម្រាប់ឆ្នាំ២០២៦ របស់ក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារ និងផ្សព្វផ្សាយទេសចរណ៍កម្ពុជា (ក.ផ.ផ.)។
កិច្ចប្រជុំនេះ មានការចូលរួមពីសមាជិក ក.ផ.ផ. រួមមាន ឯកឧត្តម លោកជំទាវ មន្ត្រីតំណាងក្រសួង ស្ថាប័នរដ្ឋ លោកឧកញ៉ា លោក លោកស្រី មកពីវិស័យឯកជន ព្រមទាំងអង្គភាពប្រតិបត្តិរបស់ ក.ផ.ផ. សរុបប្រមាណ ៣០រូប។
សូមបញ្ជាក់ថា នេះជាកិច្ចប្រជុំលើកទី៨ របស់ក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារ និងផ្សព្វផ្សាយទេសចរណ៍កម្ពុជា ដែលរៀបចំឡើងក្នុងគោលបំណង៖
(១) ពិនិត្យវឌ្ឍនភាពការងារដែលសម្រេចបានក្នុងឆ្នាំ២០២៥
(២) វាយតម្លៃលើចំណុចខ្លាំង ចំណុចខ្វះខាត បញ្ហាប្រឈម និងសំណូមពរ
(៣) កំណត់ទិសដៅការងារបន្តសម្រាប់ឆ្នាំ២០២៦
អង្គប្រជុំបានកត់សម្គាល់ និងវាយតម្លៃខ្ពស់ចំពោះលទ្ធផលការងារដែលសម្រេចបាននាពេលកន្លងមក ដែលកើតចេញពីការតម្រង់ទិសជាប់ជាប្រចាំរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ស្របតាមអភិក្រមជវភាពនៃប្រព័ន្ធតួអង្គតែមួយ និងសសរស្តម្ភយុទ្ធសាស្ត្រទាំង៦របស់វិស័យទេសចរណ៍។
ក្រសួង ស្ថាប័ន និងភាគីពាក់ព័ន្ធទាំងអស់ បានខិតខំប្រឹងប្រែងបំពេញភារកិច្ចតាមជំនាញសមត្ថកិច្ចរៀងៗខ្លួន ក្នុងស្មារតីបុរេសកម្ម សកម្ម និងអន្តរសកម្ម ដើម្បីរក្សាភាពធន់ និងស្ថិរភាពនៃវិស័យទេសចរណ៍កម្ពុជា ក្នុងការទប់ទល់នឹងវិបត្តិ និងបញ្ហាប្រឈមនានា។
ឯកឧត្តម ប្រធានក្រុមប្រឹក្សាភិបាល បានគូសបញ្ជាក់ថា ក្នុងបរិបទបច្ចុប្បន្នដែលពិភពលោកកំពុងប្រឈមនឹងការប្រែប្រួលយ៉ាងឆាប់រហ័ស និងមិនប្រាកដប្រជា ដូចជា ហានិភ័យសេដ្ឋកិច្ចសកល ភាពតានតឹងផ្នែកភូមិសាស្ត្រនយោបាយ និងស្ថានការណ៍សន្តិសុខតំបន់ រួមទាំងការរំលោភបំពានពីសំណាក់យោធាថៃលើដែនអធិបតេយ្យភាពកម្ពុជា បានក្លាយជាកាលៈទេសៈដ៏លំបាក ដែលទាមទារឱ្យមានការចូលរួមពីគ្រប់ភាគី គ្រប់ថ្នាក់ ក្នុងស្មារតីសាមគ្គីភាព និងឯកភាពជាធ្លុងមួយក្រោមដំបូលរាជរដ្ឋាភិបាល។
ក្នុងន័យនេះ ក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារ និងផ្សព្វផ្សាយទេសចរណ៍កម្ពុជា បានដាក់ចេញនូវផែនការយុទ្ធសាស្ត្រ វិធានការគន្លឹះ ទិសដៅការងារបន្ត និងសកម្មភាពអនុវត្តជាក់ស្តែងសម្រាប់ឆ្នាំ២០២៦ ដោយមានគោលដៅបន្តរក្សាភាពធន់នៃវិស័យទេសចរណ៍កម្ពុជា ព្រមទាំងជំរុញសន្ទុះអភិវឌ្ឍន៍ ដើម្បីរក្សានិងពង្រឹងភាពប្រកួតប្រជែងខ្ពស់ក្នុងតំបន់ ប្រកបដោយភាពជឿជាក់ ច្នៃប្រឌិត បត់បែនឱ្យទាន់សភាពការណ៍ និងមានភាពប្រយ័ត្នប្រយែងខ្ពស់។
ដោយ៖ KPS99TV













