ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

អភិបាលក្រុងព្រះសីហនុហាមដាច់ខាតអ្នកលក់ដូរតាមឆ្នេរឆ្លៀតឱកាសលក់កោរភ្ញៀវទេសចរ

KPS99TV

សេចក្តីសង្ខេប

លោក សរ កក្កដា អភិបាលក្រុងព្រះសីហនុ បានហាមដាច់ខាតការលក់កោរភ្ញៀវទេសចរតាមឆ្នេរ និងព្រមានចាត់វិធានការដោយគ្មានការលើកលែង ព្រមទាំងណែនាំឱ្យឈប់ទុកសម្ភារចោលលើឆ្នេរសាធារណៈ។

ដើម្បីពង្រឹង និងលើកម្ពស់វិស័យទេសចរណ៍ក្នុងខេត្តព្រះសីហនុឱ្យកាន់តែរីកចម្រើនបន្ថែម លោក សរ កក្កដា អភិបាលក្រុងព្រះសីហនុ បានប្រកាសហាមដាច់ខាតអ្នកលក់ដូរតាមឆ្នេរឆ្លៀតឱកាសលក់កោរភ្ញៀវទេសចរទោះបីក្រោមរូបភាពណាក៏ដោយ។

បើតាមទំព័រហ្វេសប៊ុកផ្លូវការរបស់លោកអភិបាលក្រុង នៅព្រឹកថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៦នេះ បានណែនាំឱ្យបងប្អូនអ្នកលក់ដូរតាមឆ្នេរចូលរួមលើកកម្ពស់វិស័យទេសចរណ៍ក្នុងក្រុងព្រះសីហនុ។ ទន្ទឹមនឹងការណែនាំ លោក ក៏បានហាមដាច់ខាតអ្នកលក់ដូរតាមឆ្នេរឆ្លៀតឱកាសលក់កោរភ្ញៀវទេសចរផងដែរ។ នេះបានន័យថា ប្រសិនបើបងប្អូនអ្នកលក់ដូរតាមឆ្នេរនៅតែឆ្លៀតឱកាសលក់កោរភ្ញៀវទេសចរទៀត នោះអាជ្ញាធរក្រុងព្រះសីហនុ នឹងចាត់វិធានការក្តៅដោយគ្មានការលើកលែងឡើយ។

កន្លងទៅ អាជ្ញាធរក្រុងព្រះសីហនុ ក៏ធ្លាប់បណ្តេញអ្នកលក់ម្ហូបអាហារនៅតាមឆ្នេរម្នាក់ចេញឱ្យទៅរកកន្លែងលក់ថ្មីឈប់ឱ្យលក់នៅតាមឆ្នេរបន្តទៀត។ ការបណ្តេញនេះ ទំនងដោយសារតែអ្នកលក់ម្ហូបអាហាររូបនេះឆ្លៀតឱកាសលក់កោរភ្ញៀវទេសចរដែលមកកម្សាន្តនៅតាមឆ្នេរសមុទ្រក្នុងខេត្តព្រះសីហនុ នាឱកាសពិធីបុណ្យចូលឆ្នាំថ្មី ឆ្នាំសកល២០២៦។ អាចនឹងដោយសារតែករណីនេះ ទើបលោក សរ កក្កដា អភិបាលក្រុងព្រះសីហនុ មានវិធានការជាបន្តបន្ទាប់ទៀត។ ក្នុងនោះ លោកអភិបាលក្រុង ក៏បានណែនាំឱ្យអ្នកលក់ដូរតាមឆ្នេរសាធារណៈបញ្ឈប់ការដាក់តុ កៅអី កន្ទេល អង្រឹង ឬសម្ភារផ្សេងៗទុកចោលនៅលើឆ្នេរបន្តទៀត ដែលនាំឱ្យបាត់បង់សោភ័ណភាព និងប៉ះពាល់ដល់ភាពជាសាធារណៈនៃឆ្នេរ។ ម៉្យាងទៀត ដើម្បីឱ្យបងប្អូនភ្ញៀវទេសចរអាចប្រើប្រាស់ទីតាំងឆ្នេរទាំងនោះបានជាសាធារណៈ៕ ដោយ៖ ង៉ែត ពិសាន្ត

មតិយោបល់

កំពុងផ្ទុកមតិយោបល់…