អ្នកនាំពាក្យអាកាសចរស៊ីវិល លោក ស៊ីន ចាន់សិរីវុត្ថា នៅថ្ងៃទី៧ ខែមករា ឆ្នាំ២០២៦នេះ បានចេញមកអះអាងថា គ្មានការធ្វើទុក្ខបុកម្នេញ រើសអើងចំពោះអ្នកដំណើរជនជាតិថៃនោះទេ នេះជាការឆ្លើយតបនឹងការចោទប្រកាន់របស់បណ្តាសារព័ត៌មានថៃមួយចំនួន ដែលផ្សាយថា សមត្ថកិច្ចកម្ពុជា នៅអាកាសយានដ្ឋានអន្តរជាតិតេជោ បានធ្វើទុក្ខបុកម្នេញចំពោះជនជាតិថៃ ដែលចេញចូលកម្ពុជា។
លោកថា អ្នកដំណើរជនជាតិថៃ ដែលធ្វើដំណើរចាកចេញពីកម្ពុជាទៅកាន់ប្រទេសថៃវិញ ហើយមានប្រវត្តិធ្វើដំណើរច្បាស់លាស់ ដែលកត់ត្រាក្នុងប្រព័ន្ធធ្វើដំណើរ គឺមិនមានការសួរនាំអ្វីនោះទេ។ ជាមួយគ្នានេះ ចំពោះអ្នកដំណើរជនជាតិថៃ ដែលធ្វើដំណើរចូលកម្ពុជា ហើយមិនមានប្រវត្តិចូលមកកម្ពុជាគឺសមត្ថកិច្ចមានការអនុវត្តវិធានការ រក្សាសុវត្ថិភាព និងសន្ដិសុខមួយចំនួន តាមរយៈសំណួរ-ចម្លើយ និងតម្រូវឱ្យមានការបង្ហាញឯកសារអំណះអំណាង និងគាំទ្របន្ថែមនៅក្នុងប្រទេសកម្ពុជាផងដែរ។
លោករដ្ឋលេខាធិការ បានបញ្ជាក់បន្ថែមថា ចំពោះជនជាតិបរទេស ដែលមិនមែនជាជនជាតិថៃ ធ្វើដំណើរចេញចូលកម្ពុជាតាមរយៈប្រទេសថៃ មិនមានសួរនាំអ្វីនោះទេ។
សូមបញ្ជាក់ថា ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសបារាំង កាលពីពេលថ្មីៗនេះបានបញ្ជាក់ថា អ្នកដំណើរអឺរ៉ុបមួយចំនួន ដែលបានធ្វើដំណើរទៅប្រទេសកម្ពុជា បានជួបប្រទះនូវបញ្ហាធ្ងន់ធ្ងរ ពេលឆ្លងកាត់ (transit) នៅអាកាសយានដ្ឋានទីក្រុងបាងកក (ប្រទេសថៃ) ដូចជា៖ ការសួរសំណួររាប់សិបម៉ោង, ការទាមទារហួសហេតុឱ្យបង្ហាញឯកសារបញ្ជាក់ធនធានហិរញ្ញវត្ថុ, ការត្រួតពិនិត្យឯកសារកក់សណ្ឋាគារនៅកម្ពុជា, រើសអើង, បរិយាកាសថប់បារម្ភ និងរងការសង្ស័យដោយមិនសមហេតុផល និងនៅក្នុងករណីខ្លះ អ្នកដំណើរបានបាត់វ៉ាលីថែមទៀតពេលទៅដល់ទីក្រុងភ្នំពេញ។
ស្ថានឯកអគ្គរាជទូត បន្ថែមថា ដើម្បីជាការប្រុងប្រយ័ត្ន សូមអ្នកដំណើរជៀសវាងការធ្វើដំណើរឆ្លងកាត់ប្រទេសថៃ និងការប្រើប្រាស់ក្រុមហ៊ុនអាកាសចរណ៍ថៃ នៅពេលធ្វើដំណើរទៅកម្ពុជា៕
ដោយ៖ ចិន្តា ទីទិ








