ដោយសារតែកើតទុក្ខមិនសុខចិត្តរឿងមន្រ្តីគយតម្រូវឱ្យបង់ប្រាក់ក្បាលឡានខ្ពស់ហួសហេតុពេក នៅព្រឹកថ្ងៃទី០៨ ខែមករា ឆ្នាំ២០២៦ ក្រុមរថយន្តដឹកទំនិញជាច្រើននាក់ បានប្រមូលផ្តុំគ្នាធ្វើការតវ៉ានៅមុខស្នាក់ការគយខេត្តតាកែវ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ២ ក្នុងភូមិផ្សារតាកោ សង្កាត់រកាក្នុង ក្រុងដូនកែវ ដើម្បីស្នើសុំការសម្របសម្រួលលើតម្លៃបង់ប្រាក់ក្បាលឡាន។
បើតាមការលើកឡើងរបស់ក្រុមតៃកុងរថយន្តដែលបានចូលរួមក្នុងការតវ៉ានេះ បានបញ្ជាក់ថា កន្លែងត្រួតពិនិត្យគយនៅចំណុចនេះ តម្រូវឱ្យពួកគេបង់ប្រាក់ចំនួន ៧០,០០០រៀលក្នុងមួយឡានជាច្រើនខែឆ្នាំមកហើយ ហើយក៏មិនបានចេញវិក្កយបត្របញ្ជាក់តម្រូវបង់លើសេវាអ្វីនោះដែរ ដែលធ្វើឱ្យពួកគាត់ពិបាកនឹងបានប្រាក់ចំណេញ។ មូលហេតុនេះហើយ ទើបក្រុមអ្នកបើកបរបានសំណូមពរឱ្យមន្ត្រីគយប្រចាំការនៅទីនោះ បន្ធូរបន្ថយតម្លៃមកត្រឹមតែ ៣០,០០០រៀលទៅ៤០,០០០រៀលប៉ុណ្ណោះ ដើម្បីឱ្យសមស្របទៅនឹងស្ថានភាពចំណូល និងការចំណាយផ្សេងៗរបស់ពួកគេ។
បន្ទាប់ពីផ្ទុះករណីតវ៉ានេះឡើងបានធ្វើឱ្យមានការភ្ញាក់ផ្អើលនិងចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់អ្នកដំណើរតាមបណ្តោយផ្លូវជាតិលេខ២ ទើបមន្ត្រីគយបានសំណូមពរទៅក្រុមតៃកុងរថយន្តចាត់តំណាងខ្លួនទៅសម្របសម្រួលគ្នារកដំណោះស្រាយ និងបានឱ្យក្រុមរថយន្តរំសាយការប្រមូលផ្តុំបើករថយន្តទៅផ្ទះវិញរៀងៗខ្លួនរង់ចាំការដោះស្រាយគ្នានៅពេលក្រោយ។ ជាមួយគ្នានេះ ក្រុមអ្នកដឹកទំនិញទាំងអស់បង្ហាញក្តីសង្ឃឹមថា ថ្នាក់ដឹកនាំស្ថាប័នគយ និងអាជ្ញាធរដែលពាក់ព័ន្ធនឹងជួយដោះស្រាយពួកគាត់ជាក់ជាមិនខាន៕
ដោយ៖ ង៉ែត ពិសាន្ត












