ទិន្នន័យចុងក្រោយរបស់ក្រសួងពាណិជ្ជកម្មបង្ហាញថា ពាណិជ្ជកម្មក្រៅប្រទេសកម្ពុជាបានរក្សាកំណើនរឹងមាំពេញឆ្នាំ២០២៥ ដោយមានទំហំ៦៥,២៤ពាន់លានដុល្លារអាមេរិក កើន១៧,៦៦ភាគរយធៀបនឹងឆ្នាំមុន។ អត្ថបទបានលើកឡើងថា លទ្ធផលនេះបង្ហាញពីភាពធន់ និងភាពរស់រវើកនៃពាណិជ្ជកម្មក្រៅប្រទេសកម្ពុជា ក្នុងបរិយាកាសសេដ្ឋកិច្ចពិភពលោកស្មុគស្មាញ និងប្រែប្រួល។


អ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម ប៉ែន សុវិជាតិ បានឱ្យដឹងថា ការនាំចេញរបស់កម្ពុជាឆ្នាំ២០២៥ មាន៣១,២៨ពាន់លានដុល្លារ កើន១៦,៩៥ភាគរយ ខណៈការនាំចូលមាន៣៣,៩៦ពាន់លានដុល្លារ កើន១៨,៣២ភាគរយ។ ទោះទីផ្សារអន្តរជាតិប្រឈមភាពមិនប្រាកដប្រជាជាច្រើន កម្ពុជានៅតែរក្សាស្ថិរភាពទីផ្សារនាំចេញសំខាន់ៗ និងមានកំណើនបន្តលើផលិតផលជាច្រើនប្រភេទ។


ទិន្នន័យបង្ហាញថា ទីផ្សារនាំចេញសំខាន់ៗរបស់កម្ពុជារួមមានបណ្ដាប្រទេសអាស៊ាន អូស្ត្រាលី ចិន ជប៉ុន កូរ៉េខាងត្បូង នូវែលសេឡង់ សហភាពអឺរ៉ុប ចក្រភពអង់គ្លេស សហរដ្ឋអាមេរិក កាណាដា អេមីរ៉ាតអារ៉ាប់រួម និងឥណ្ឌា ព្រមទាំងប្រទេស និងតំបន់ផ្សេងទៀត។ រចនាសម្ព័ន្ធទំនិញនាំចេញបន្តមានភាពចម្រុះ ដោយផលិតផលសំខាន់ៗមានសម្លៀកបំពាក់ និងវាយនភណ្ឌ ស្បែកជើង សម្ភារៈធ្វើដំណើរ និងកាបូប សំបកកង់រថយន្ត គ្រាប់ស្វាយចន្ទី អង្ករ ដំឡូងមី គ្រឿងបន្លាស់អេឡិចត្រូនិក និងគ្រឿងបន្លាស់រថយន្ត។
អ្នកនាំពាក្យបានលើកឡើងថា ការរៀបចំទីផ្សារអន្តរជាតិប្រកបដោយស្ថិរភាព និងរចនាសម្ព័ន្ធទំនិញនាំចេញដែលបន្តកែលម្អ បានគាំទ្រយ៉ាងខ្លាំងដល់កំណើនសេដ្ឋកិច្ចកម្ពុជា និងដាក់មូលដ្ឋានល្អសម្រាប់ការអភិវឌ្ឍពាណិជ្ជកម្មក្រៅប្រទេសបន្តក្នុងឆ្នាំ២០២៦។
របាយការណ៍សរុបរបស់ស្ថានីយយើង






