អាជ្ញាធរខេត្តមណ្ឌលគិរី និងខេត្តរតនគិរី បានក្រើនរំឭកឱ្យប្រជាពលរដ្ឋយកចិត្តទុកដាក់ និងប្រុងប្រយ័ត្នខ្ពស់ចំពោះសុខភាព ជាពិសេសមនុស្សចាស់ ស្ត្រី និងកុមារ ដោយសារអាកាសធាតុចុះខ្លាំងរហូតដល់១៣ទៅ១៤អង្សាសេ(°C) ។
បើតាមសេចក្តីជូនដំណឹងរបស់មន្ទីរធនធានទឹក និងឧតុនិយមខេត្តមណ្ឌលគិរី បានឱ្យដឹងថា អាកាសធាតុបានចុះត្រជាក់ខ្លាំងដល់១៣អង្សាសេ រហូតដល់ថ្ងៃទី១១ ខែមករា ឆ្នាំ២០២៦។ ចំណែក មន្ទីរធនធានទឹកខេត្តរតនគិរី បានបញ្ជាក់ដែរថា អាកាសធាតុនៅក្នុងខេត្តរបស់ខ្លួនក៏ចុះត្រជាក់ខ្លាំងដល់១៤អង្សាសេរហូតដល់ថ្ងៃទី១៤ ខែមករាដែរ។ ការដែលនាំឱ្យអាកាសធាតុចុះត្រជាក់ខ្លាំងដូច្នេះ ដោយសារឥទ្ធិពលខ្យល់មូសុងឦសាន។
ដូច្នេះមន្ទីរធនធានទឹកខេត្តមណ្ឌលគិរី និងរតនគិរី បានក្រើនរំឭកពលរដ្ឋឱ្យយកចិត្តទុកដាក់ និងប្រុងប្រយ័ត្ន អំពីស្ថានភាពអាកាសធាតុប្រែប្រួលចុះត្រជាក់ខ្លាំង និងខ្យល់កន្ត្រាក់ ដើម្បីជៀសវាងពីជម្ងឺដង្កាត់ផ្សេងៗ ដែលអាចកើតមានជាយថាហេតុលើមនុស្ស សត្វ រុក្ខជាតិ ជាពិសេសយកចិត្តទុកដាក់ថែទាំសុខភាពលើមនុស្សចាស់ ស្ត្រី និងកុមារ។
សូមជម្រាបថា អាកាសធាតុចុះត្រជាក់ខ្លាំងដល់១៤អង្សាសេ នៅតាមខេត្តមួយចំនួននិងតំបន់ជួរភ្នំក្រវាញ ជួរភ្នំដងរែក ជួរភ្នំបូកគោនៃព្រះរាជាណាចក្រកម្ពុជា រហូតដល់ថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៦។ ចំណែកខេត្តដែលរងអាកាសធាតុចុះត្រជាក់ខ្លាំងទាំងនោះ មានខេត្តឧត្តរមានជ័យ ប៉ៃលិន ព្រះវិហារ ក្រចេះ រតនគិរី មណ្ឌលគិរី កំពង់ស្ពឺ និងខេត្តស្ទឹងត្រែង។ នេះបើតាមសេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយម កាលពីថ្ងៃទី០៦ ខែមករា៕
ដោយ៖ ង៉ែត ពិសាន្ត








