នៅថ្ងៃទី៨ ខែមករា ឯកអគ្គរាជទូតអារ៉ាប៊ីសាអូឌីតប្រចាំកម្ពុជាបានជម្រាបឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីការបរទេស លោក ប្រាក់ សុខុន អំពីផែនការអនាគតបង្កើតស្ថានទូតអារ៉ាប៊ីសាអូឌីតនៅភ្នំពេញ។ ជំនួបនេះក៏ជាការជម្រាបលាតាមការគួរសម បន្ទាប់ពីឯកអគ្គរាជទូតបញ្ចប់បេសកកម្មការទូតនៅកម្ពុជា។
ក្នុងកិច្ចពិភាក្សា ឯកអគ្គរាជទូតបានបញ្ជាក់ថា អារ៉ាប៊ីសាអូឌីតនឹងបញ្ជូនគណៈប្រតិភូអាជីវកម្មដែលរួមមានវិស័យកសិកម្ម ថាមពល និងវិស័យគន្លឹះផ្សេងៗមកកម្ពុជា ដើម្បីជំរុញកិច្ចសហប្រតិបត្តិការកសិកម្ម សន្តិសុខស្បៀង និងថាមពល។ លោកបានសង្កត់ធ្ងន់លើការប្ដេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រ និងទំនុកចិត្តចំពោះការអភិវឌ្ឍនាពេលអនាគត។

លោក ប្រាក់ សុខុន បានស្វាគមន៍ និងបញ្ជាក់ថា កម្ពុជានឹងបន្តពង្រឹងទំនាក់ទំនងជាមួយអារ៉ាប៊ីសាអូឌីតផ្នែកសេដ្ឋកិច្ច ទេសចរណ៍ និងការអភិវឌ្ឍធនធានមនុស្ស។ លោកបានលើកពីសក្ដានុពលនៃជើងហោះហើរត្រង់ភ្នំពេញ–រីយ៉ាដ និងថ្លែងអំណរគុណចំពោះអាហារូបករណ៍ដែលអារ៉ាប៊ីសាអូឌីតផ្ដល់ឱ្យនិស្សិតកម្ពុជាជាយូរមកហើយ។ លោកក៏សង្ឃឹមថា អារ៉ាប៊ីសាអូឌីតនឹងផ្ដល់ការគាំទ្របន្ថែមផ្នែកវិទ្យាសាស្ត្រ វិស្វកម្ម និងវិស័យផ្សេងៗ ដើម្បីជំរុញធនធានមនុស្សកម្ពុជាបន្ថែមទៀត។
រាយការណ៍សរុបដោយស្ថានីយនេះ។






