ឯកឧត្តម វ៉ាង វិនពីន ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា បានបង្ហើបឱ្យដឹងថា ចិនជាមិត្តភក្តិដ៏ល្អ និងជាប្រទេសគោលដៅនាំចេញដ៏សំខាន់មួយសម្រាប់ជាច្រកផ្លូវអង្កររបស់កម្ពុជា។ ក្នុងនោះ កម្ពុជា បាននាំចេញអង្ករទៅកាន់ប្រទេសចិនដល់ទៅចំនួន ២៣១,១២៥តោន ខណៈអង្ករដែលកម្ពុជាបាននាំចេញសរុបចំនួន៩៤០.៣២១តោន ក្នុងឆ្នាំ២០២៥។
ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា បានបញ្ជាក់លើទំព័រហ្វេសប៊ុកផ្លូវការកាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញថា យោងតាមសហព័ន្ធស្រូវអង្ករកម្ពុជា កម្ពុជាបាននាំចេញអង្ករចំនួន ៩៤០.៣២១តោនក្នុងឆ្នាំ ២០២៥ កើនឡើងគួរឱ្យកត់សម្គាល់ ៤៥% ពីមួយឆ្នាំទៅមួយឆ្នាំ ដែលមានតម្លៃនាំចេញសរុប ៦០២.៤១ លានដុល្លារ។
ឯកឧត្តម វ៉ាង វិនពីន បានបញ្ជាក់បន្ថែមថា៖ «ប្រទេសចិនគឺជាគោលដៅនាំចេញដ៏សំខាន់មួយ ជាមួយនឹងការនាំចេញទៅកាន់ប្រទេសចិនឈានដល់ ២៣១,១២៥តោន ដែលបង្កើតប្រាក់ចំណូលបានចំនួន ១៣៨,៣៦លានដុល្លារអាមេរិក»៕ ដោយ៖ ង៉ែត ពិសាន្ត







