លោកស្រី លីម ដារ៉ែន ជួនណារិន្ទ ឧបត្ថម្ភជ្រូក២០ក្បាល ដល់កម្លាំងនគរបាល និងកងទ័ពឈរជើងជួរមុខទិសប្រាសាទព្រះវិហារ, តាថាវ និងភ្នំ៣៩៨ ហើយលោកស្រីតែងតែឧបត្ថម្ភទាំងគ្រឿងឧបភោគ បរិភោគ និងថវិកាជាបន្ដបន្ទាប់ដើម្បីគាំទ្រដល់កម្លាំងជួរមុខដែលកំពុងប្រកៀកស្នាគ្នាយ៉ាងរឹងមាំ ការពារបូរណភាពទឹក និងដែនអធិបតេយ្យជាតិរបស់យើង។
នៅព្រឹកថ្ងៃទី៩ ខែមករា ឆ្នាំ២០២៦នេះតាមរយៈក្រុមការងារសាច់ជ្រូកបានបែងចែកទៅតាមគោលដៅរួចរាល់ហើយផងដែរ។
ជ្រូកដែលបានប្រគល់ជូននោះ រួមមាន ៥ក្បាល ជូនកម្លាំងកងទ័ពឈរជើងនៅទិសតាថាវ និងភ្នំ៣៩៨ ជូនកម្លាំងកងទ័ពឈរជើងនៅទិសប្រាសាទព្រះវិហារ ៥ក្បាលនិង ជូនកម្លាំងនគរបាលឈរជើងលើភ្នំប្រាសាទព្រះវិហារចំនួន១០ក្បាល (ក្នុងនោះ កម្លាំងនគរបាលអន្ដរាគមន៍, កម្លាំងនគរបាលទេសចរណ៍, កម្លាំងនគរបាលបេតិកភណ្ឌ និងកម្លាំងនគរបាលវរសេនាតូចការពារព្រំដែនលេខ៧៩៥)។
ជំនួសមុខឲ្យកម្លាំងនគរបាល និងកម្លាំងកងទ័ព សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះលោកស្រី លីម ដារ៉ែន ភរិយាលោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការរាជធានីភ្នំពេញ ដែលបានឧបត្ថម្ភសាច់ជ្រូក២០ក្បាល ដើម្បីផ្គត់ផ្គង់តម្រូវការប្រចាំថ្ងៃរបស់កម្លាំងជួរមុខ។
ក្រៅពីកម្លាំងជួរមុខ លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ និងលោកស្រី លីម ដារ៉ែន ក៏តែងសួរសុខទុក្ខដោយផ្ទាល់កម្លាំងនគរបាល និងកងទ័ពដែលសម្រាកនៅតាមមន្ទីរពេទ្យផងដែរ៕
ដោយ៖ ប៉ៃ សុឃីម











