វត្តសំរោងក្នុង គឺជាវត្តបុរាណមួយដែលមានអាយុកាលចាស់ជាងគេ ក្នុងខេត្តបាត់ដំបង ត្រូវបានកសាងឡើងនៅឆ្នាំ ១៧០៧ ស្ថិតនៅភូមិសំរោងក្នុង ឃុំសំរោងក្នុង ស្រុកឯកភ្នំ ខេត្តបាត់ដំបង។ វត្តនេះមានទីតាំងនៅតាមបណ្តោយដងស្ទឹងសង្កែ ត្រើយខាងកើត និងបានដាក់ឈ្មោះតាមដើមសំរោងធំមួយ ដែលមានអង្កត់ផ្ជិតប្រមាណ ២ ម៉ែត្រ។
វត្តសំរោងក្នុង ត្រូវបានគេចាត់ទុកថាជាកន្លែងសក្កិសិទ្ធិ ដែលធុត្តុងជ័យធ្លាប់តាំងអាស្រមនៅទីនោះ ហើយបន្តក្លាយជាទីកន្លែងសម្រាប់ប្រជាពលរដ្ឋ និងអ្នកមុខអ្នកការ មកបន់ស្រន់សុំសេចក្តីសម្រេចបំណង តាមជំនឿប្រពៃណី រហូតមកដល់សព្វថ្ងៃ។
ព្រះវិហារចាស់នៅក្នុងវត្តសំរោងក្នុង ដែលមានសភាពនៅសព្វថ្ងៃនេះ ត្រូវបានសាងសង់ឡើងវិញនៅឆ្នាំ ១៨៩០ ជំនួសព្រះវិហារចាស់មុន ដែលសាងសង់ពីឈើសុទ្ធ។
ជាមួយគ្នានេះ នៅឆ្នាំ ១៨៨៧ ព្រះគ្រូចៅអធិការទី៧ នៃវត្តសំរោងក្នុង បានកសាងប្រាសាទឥដ្ឋមួយ ដើម្បីដម្កល់អដ្ឋិធាតុព្រះចៅអធិការវត្តជំនាន់មុនៗ។
ដោយមានការយកចិត្តទុកដាក់ និងគាំទ្រពីរាជរដ្ឋាភិបាល អាជ្ញាធរខេត្តបាត់ដំបង ព្រះចៅអធិការវត្ត គណៈកម្មការ និងពុទ្ធបរិស័ទ្ធចំណុះជើងវត្ត បានធ្វើឲ្យវត្តសំរោងក្នុង មានការអភិវឌ្ឍ និងរីកចម្រើនជាបន្តបន្ទាប់ ទាំងផ្នែកហេដ្ឋារចនាសម្ព័ន្ធពុទ្ធសាសនា និងសោភ័ណ្ឌភាពបរិស្ថាន ស្អាតស្អំ សម្រាប់ប្រជាពុទ្ធបរិស័ទ្ធគ្រប់ទិសទី មកធ្វើបុណ្យដោយអារម្មណ៍ជ្រះថ្លា៕
ដោយ៖ ប៉ៃ សុឃីម















