ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

ពលរដ្ឋភៀសសឹកជាង១៧ម៉ឺននាក់បន្តស្នាក់នៅជំរុំខណៈជាង៤៧ម៉ឺននាក់បានត្រឡប់ទៅលំនៅឋានវិញ

KPS99TV

សេចក្តីសង្ខេប

ក្រសួងមហាផ្ទៃថា គិតត្រឹមព្រឹកថ្ងៃទី៩ មករា មានអ្នកភៀសសឹក១៧៣.១០៧នាក់នៅជំរំ ខណៈប្រមាណ៤៧ម៉ឺននាក់បានវិលទៅផ្ទះចាប់ពីបទឈប់បាញ់ថ្ងៃទី២៧ ធ្នូ។ សេវាសាធារណៈខ្លះបើកវិញ ប៉ុន្តែសាលា និងមណ្ឌលសុខភាពមួយចំនួននៅបិទ។

សង្គ្រាមឈ្លានពានទឹកដីកម្ពុជា២១ថ្ងៃដែលបង្កឡើងដោយកងកម្លាំងប្រដាប់អាវុធថៃ បានធ្វើឱ្យប្រជាពលរដ្ឋខ្មែរស្លូតត្រង់រហូតដល់ជាង៦៤ម៉ឺននាក់រងទុក្ខវេទនារត់ចោលផ្ទះសម្បែងទៅរកកន្លែងស្នាក់នៅបណ្តោះអាសន្ននៅតាមវត្តអារាម និងជំរុំសុវត្ថិភាព។ ចាប់តាំងពីបទឈប់បាញ់ចូលជាធរមាននៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥រហូតព្រឹកថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៦ មានពលរដ្ឋភៀសសឹកប្រមាណ៤៧ម៉ឺននាក់បានវិលត្រឡប់ទៅលំនៅឋានវិញ ខណៈពលរដ្ឋជាង១៧ម៉ឺននាក់បន្តស្នាក់នៅជំរុំ។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងមហាផ្ទៃ ចេញនៅរសៀលថ្ងៃទី០៩ ខែមករា។

តាមសេចក្តីប្រកាសព័ត៌មាន ក្រសួងមហាផ្ទៃ បានបញ្ជាក់ថា គិតចាប់ពីម៉ោង៦ព្រឹកថ្ងៃទី០៨ ដល់ម៉ោង៦ព្រឹកថ្ងៃទី០៩ ខែមករា មានពលរដ្ឋភៀសសឹក ៥,៧៨៧នាក់បន្ថែមទៀត បានបន្តវិលត្រឡប់ទៅលំនៅឋានវិញ។ ចំណែពលរដ្ឋភៀសសឹកបន្តស្នាក់នៅជំរំមានចំនួន១៧៣,១០៧នាក់ ក្នុងនោះស្រ្តីមាន៩០,៧៩៥នាក់ និងកុមារ៥៦,៧៥៧នាក់។

ក្រៅពីនេះ ក៏មានពលរដ្ឋភៀសសឹកបានទៅស្នាក់នៅផ្ទះសាច់ញាតិក្នុងខេត្តចំនួន១៨ផ្សេងទៀត ដែលបានកំពុងវិលត្រលប់ទៅលំនៅឋានវិញជាបន្តបន្ទាប់។ ជាការកត់សម្គាល់ ការភៀសសឹកទ្រង់ទ្រាយធំបែបនេះ បានធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ជីវភាពប្រចាំថ្ងៃ ទាំងមុខរបរ សុខុមាលភាពសាធារណៈ សិទ្ធិលំនៅឋាន ជាពិសេសសិទ្ធិកុមារក្នុងការរៀនសូត្រ និងការប៉ះទង្គិចផ្លូវចិត្តដ៏គួរឱ្យព្រួយបារម្ភ។

យ៉ាងណា សេចក្តីប្រកាសព័ត៌មានដដែលនោះ ក៏បានបញ្ជាក់ដែរថា ខេត្តឧត្តរមានជ័យ មានសាលារៀន២១៤ មន្ទីរពេទ្យ/ មណ្ឌលសុខភាព៣៤ រដ្ឋបាលខេត្ត១ មន្ទីរអង្គភាពជុំវិញខេត្ត៣៣ រដ្ឋបាលស្រុក៥ អង្គភាពកងកម្លាំងមានសមត្ថកិច្ច ថ្នាក់ក្រុង ស្រុក១០ រដ្ឋបាលឃុំសង្កាត់២៣ និងប៉ុស្តិ៍នគរបាលរដ្ឋបាល២៣ បានបើកដំណើរការឡើងវិញ ខណៈសាលារៀន៤៦ មន្ទីរពេទ្យ/មណ្ឌលសុខភាព៧ រដ្ឋបាលនៅថ្នាក់ សង្កាត់១ និងប៉ុស្តិ៍នគរបាលរដ្ឋបាល១ បន្តបិទផ្អាក។

ចំណែកខេត្តបន្ទាយមានជ័យ មានសាលារៀន៥ និងមន្ទីរពេទ្យ/មណ្ឌលសុខភាព១ បន្តបិទផ្អាក ខណៈស្ថាប័នផ្តល់ សេវាសាធារណៈនៅថ្នាក់ខេត្ត ក្រុង ស្រុក និងឃុំ-សង្កាត់ បានបើកដំណើរការឡើងវិញ។ រីឯខេត្តព្រះវិហារ មានសាលារៀន ៦១ និងមន្ទីរពេទ្យ/មណ្ឌលសុខភាព១៤ នៅបន្តបិទផ្អាក ខណៈសាលារៀន១២ មន្ទីរពេទ្យ/មណ្ឌលសុខភាព១២ និង ស្ថាប័នផ្តល់សេវាសាធារណៈនៅថ្នាក់ស្រុក១ និងឃុំ-សង្កាត់៦ បានបើកដំណើរការឡើងវិញ៕ ដោយ៖ ង៉ែត ពិសាន្ត

មតិយោបល់

កំពុងផ្ទុកមតិយោបល់…