កម្ពុជា និង អារ៉ាប៊ីសាអូឌីត បានប្រកាសស្វាគមន៍ចំពោះសន្ទុះវិជ្ជមាននៃទំនាក់ទំនងទ្វេភាគីរវាងប្រទេសទាំងពីរ ដោយបានគូសបញ្ជាក់ពីការផ្លាស់ប្តូរទស្សនកិច្ចកម្រិតខ្ពស់ ការពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងវិនិយោគ និងទំនាក់ទំនងរវាងប្រជាជន និងប្រជាជន។
យោងតាមក្រសួងការបរទេសកម្ពុជា នៅព្រឹកថ្ងៃទី៨ ខែមករា ឆ្នាំ២០២៦ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេសកម្ពុជា បានអនុញ្ញាតឱ្យ លោក Mohammed Ismaeil A. Dahlwy ឯកអគ្គរាជទូតអារ៉ាប៊ីសាអូឌីត ប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម និងជម្រាបលា ក្នុងឱកាសដែលលោកបានបញ្ចប់បេសកកម្មការទូតនៅកម្ពុជា។
ភាគីទាំងពីរបានស្វាគមន៍ចំពោះសន្ទុះវិជ្ជមាននៃទំនាក់ទំនងទ្វេភាគី ដោយបានគូសបញ្ជាក់ពីការផ្លាស់ប្តូរទស្សនកិច្ចកម្រិតខ្ពស់ ការពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងវិនិយោគ និងទំនាក់ទំនងរវាងប្រជាជន និងប្រជាជន។
ជាមួយគ្នានេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីកម្ពុជា បានបញ្ជាក់ជាថ្មីអំពីការត្រៀមខ្លួនរបស់កម្ពុជាក្នុងការធ្វើការយ៉ាងជិតស្និទ្ធជាមួយឯកអគ្គរាជទូតថ្មីអារ៉ាប៊ីសាអូឌីត ដើម្បីពង្រឹងទំនាក់ទំនងទ្វេភាគីបន្ថែមទៀត៕
ដោយ៖ ចិន្តា ទីទិ









