បន្ទាប់ពីមានប្រជាពលរដ្ឋផ្អើលឆោឡោនៅយប់ថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៦ និងបានរាយការណ៍ថា មានដ្រូនហោះច្រើនពេញមេឃ ឯកឧត្តម ជួន ណារិន្ទ អគ្គស្នងការរង និងស្នងការនគរបាលរាជធានីភ្នំពេញ បានចាត់កម្លាំងជំនាញចុះពិនិត្យ និងតាមដានយ៉ាងយកចិត្តទុកដាក់ ទើបរកឃើញថា ជាករណីប្រជាពលរដ្ឋបង្ហោះខ្លែងនៅពេលយប់ដោយភ្ជាប់ភ្លើង មិនមែនជាដ្រូនឡើយ។
ជុំវិញនឹងករណីនេះ ឯកឧត្តមស្នងការបានអំពាវនាវឱ្យប្រជាពលរដ្ឋបញ្ឈប់ការកែឆ្នៃខ្លែងបំពាក់ភ្លើងបែបនេះ ព្រោះអាចបង្កការយល់ច្រឡំ និងប៉ះពាល់ដល់សុវត្ថិភាព សន្តិសុខ និងសណ្ដាប់ធ្នាប់សង្គម ជាពិសេសក្នុងរាជធានីភ្នំពេញ។ ឯកឧត្តម សង្កត់ធ្ងន់ថា ប្រសិនបើនៅមានការបំពានបន្តទៀត អាជ្ញាធរនឹងរឹតបន្តឹងការអនុវត្តវិធានការ រួមទាំងការដាក់ពិន័យនិងអនុវត្តតាមផ្លូវច្បាប់តាមដែលបានកំណត់។ ឯកឧត្តមស្នងការ សង្ឃឹមថា ប្រជាពលរដ្ឋនឹងយោគយល់ និងចូលរួមសហការជាមួយអាជ្ញាធរមូលដ្ឋាន និងកម្លាំងសមត្ថកិច្ច ដើម្បីរួមគ្នាថែរក្សាសុខសុវត្ថិភាព សន្តិសុខ និងរបៀបរៀបរយក្នុងសង្គម។
សូមជម្រាបថា កាលពីពេលកន្លងទៅ ក្រសួងការពារជាតិ បានអំពាវនាវនិងហាមឃាត់មិនឱ្យមានការបង្ហោះដ្រូនគ្រប់ប្រភេទនៅទូទាំងប្រទេស ជាពិសេសនៅខេត្តចំនួន៧ ដែលជាប់ព្រំដែនជាមួយប្រទេសថៃដូចជា ខេត្តកោះកុង ពោធិ៍សាត់ បាត់ដំបង បន្ទាយមានជ័យ ឧត្តរមានជ័យ ព្រះវិហារ និងខេត្តប៉ៃលិន។ ក្នុងករណីមានអ្នកលួចបង្ហោះដោយគ្មានការអនុញ្ញាតពីក្រសួង នឹងត្រូវចាត់វិធានការតាមផ្លូវច្បាប់៕
ដោយ៖ ង៉ែត ពិសាន្ត







