នៅល្ងាចថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៦ មានករណីផ្ទុះគ្រាប់មីនតោនដែលជាសំណល់សល់ពីសម័យសង្គ្រាមនៅទសវត្សឆ្នាំ១៩៨០-៩០ បានបំផ្លាញរថយន្តកែឆ្នៃដឹកដំឡូងមីមួយគ្រឿងស្ទើទាំងស្រុង តែសំណាងល្អក្នុងហេតុការណ៍នោះមិនបង្កឱ្យអ្នករងរបួស ឬក៏ស្លាប់ឡើយ។
ឯកឧត្តម ហេង រតនា អគ្គនាយកមជ្ឈមណ្ឌលកម្ចាត់មីនកម្ពុជា (CMAC) បានឱ្យដឹងនៅលើទំព័រហ្វេសប៊ុកនៅថ្ងៃទី១០ ខែមករានេះថា អ្នកបើកបររថយន្តកែឆ្នៃដឹកដំឡូងមីរួចផុតពីជីវិត និងមិនរងរបួសស្នាមឡើយ ក្នុងករណីផ្ទុះគ្រាប់មីនតោន នៅភូមិវាលវង់ ឃុំតាស្តា ស្រុកសំពៅលូន ខេត្តបាត់ដំបង។ បើតាមឯកឧត្តម ហេង រតនា នេះបានហៅថា៖ «សំណល់សង្គ្រាមចាស់មិនទាន់អស់ផង សំណល់សង្គ្រាមថ្មីមកបន្ថែមទៀត»៕ ដោយ៖ ង៉ែត ពិសាន្ត













