អាម៉េរិក សម្រេចផ្ដល់ជំនួយប្រមាណ៤៥លានដុល្លារសម្រាប់ជួយជនភៀសសឹកដោយសារជម្លោះតាមព្រំដែនរវាងកម្ពុជា និងថៃ ការដោះមីន និងការបោសសម្អាតការឆបោកតាមអនឡាញ។ ឧបការីរដ្ឋមន្រ្តីការបរទេសអាម៉េរិក Michael DeSombre និយាយនៅថ្ងៃទី៩ ខែមករានេះថា អាម៉េរិកនឹងបែងចែកជំនួយនេះតាមរយៈការជជែកជាមួយមន្រ្តីកម្ពុជា និងថៃក្នុងដំណើរទស្សនៈកិច្ចរបស់លោកនៅប្រទេសទាំងពីរ។
ដើម្បីជួយសម្រេចបានគោលដៅនេះ អាម៉េរិកផ្តល់ថវិកាចំនួន១៥ លានដុល្លារអាមេរិកសម្រាប់ស្ថិរភាពព្រំដែនដើម្បីជួយសហគមន៍ឱ្យងើបឡើងវិញ និងគាំទ្រដល់ជនភៀសខ្លួន។ ថវិកា១០លានដុល្លារទៀត ត្រូវប្រើសម្រាប់ប្រតិបត្តិការដោះមីន និងបោសសម្អាតគ្រាប់រំសេវមិនទាន់ផ្ទុះ និង២០ លានដុល្លារអាម៉េរិក សម្រាប់គំនិតផ្តួចផ្តើមដែលនឹងជួយប្រទេសទាំងពីរ ប្រយុទ្ធប្រឆាំងនឹងប្រតិបត្តិការឆបោក និងការជួញដូរគ្រឿងញៀន។
លោក DeSombre ថា អាម៉េរិកនៅតែចង់ឃើញសន្តិភាព និងស្ថិរភាពរវាងកម្ពុជា និងថៃ ហើយអាម៉េរិកនឹងបន្តគាំទ្ររដ្ឋាភិបាលទាំងពីរលើការអនុវត្តកិច្ចព្រមព្រៀងសន្តិភាពទីក្រុងគូឡាឡាំពួរ និងបើកផ្លូវសម្រាប់ការវិលត្រឡប់ទៅរកសន្តិភាព វិបុលភាព និងស្ថិរភាពសម្រាប់ប្រជាជនទាំងពីរ និងតំបន់ជារួមផងដែរ៕ ដោយ៖ ចិន្តា ទីទិ







