នៅថ្ងៃទី៩ ខែមករា មជ្ឈមណ្ឌលប្រឆាំងការឆបោកតាមអ៊ីនធឺណិតថៃ សហការជាមួយការិយាល័យស៊ើបអង្កេតកណ្តាល នគរបាលអន្តោប្រវេសន៍ និងស្ថាប័នផ្សេងៗ បានធ្វើប្រតិបត្តិការព្រមគ្នានៅបាងកក និងឈៀងម៉ៃ ដោយចាប់ជនត្រូវតាមចាប់ជនជាតិចិន៣នាក់។ ពួកគេត្រូវការិយាល័យសន្តិសុខសាធារណៈក្រុង Shijiazhuang សាខាខណ្ឌ Chang’an ប្រទេសចិន តាមចាប់ ដោយសង្ស័យប្រមូលប្រាក់បញ្ញើពីសាធារណជនខុសច្បាប់។ លិខិតឆ្លងដែនចិនរបស់ពួកគេត្រូវបានលុបចោល ហើយថៃក៏បានដកហូតការអនុញ្ញាតឱ្យស្នាក់នៅរបស់ពួកគេ កាលពីថ្ងៃទី៦ ខែមករា។ នគរបាលចាប់ Yang និង Wang នៅអាផាតមិនមួយក្នុងខណ្ឌ Huai Khwang បាងកក និង Li នៅផ្ទះមួយក្នុងស្រុក Hang Dong ខេត្តឈៀងម៉ៃ។ ពួកគេទាំង៣ត្រូវបានចោទថា ជាសមាជិកស្នូលនៃក្រុមឧក្រិដ្ឋកម្ម។




ការស៊ើបអង្កេតបង្ហាញថា ក្រុមនេះបានចុះបញ្ជីក្រុមហ៊ុន “Jihui (Hainan) Enterprise Management Consulting Co., Ltd.” ចាប់ពីឆ្នាំ២០១៥ ហើយប្រើការផ្សព្វផ្សាយក្លែងក្លាយ ដើម្បីប្រមូលប្រាក់ពីសាធារណជនខុសច្បាប់។ ពួកគេអះអាងថា ប្រាក់នឹងយកទៅវិនិយោគលើភាគហ៊ុនក្រុមហ៊ុនដែលគ្រោងចូលផ្សារហ៊ុនក្នុង៣ទៅ៥ឆ្នាំ ដោយធានាផលចំណេញប្រចាំឆ្នាំមិនក្រោម១២ភាគរយ។ ពួកគេក៏បានបង្កើត “Jihui Jinfu App” ជាវេទិកាវិនិយោគ ដើម្បីបង្កើនភាពគួរឱ្យជឿ។ តាមពិត ប្រាក់មិនបានវិនិយោគលើគម្រោងពិតណាមួយទេ ប៉ុន្តែគ្រប់គ្រងរួមដោយផ្នែកហិរញ្ញវត្ថុទីស្នាក់ការកណ្តាល ដែលរាយការណ៍ផ្ទាល់ និងចាត់ចែងប្រាក់តាមជនសង្ស័យស្នូលទាំង៣។ ចុងក្រោយ ពួកគេមិនអាចសងផលចំណេញតាមការសន្យា បណ្តាលឱ្យខាតបង់ជាង១,៦ពាន់លានយ័ន ឬប្រហែល៧ពាន់លានបាត មានជនរងគ្រោះជាង៨០០០នាក់។




នៅខែកញ្ញា ឆ្នាំ២០២៥ នគរបាលចិនបានចេញដីកាចាប់ខ្លួនជនទាំង៣ ប៉ុន្តែពួកគេបានគេចទៅបរទេស និងបន្តចូលថៃលាក់ខ្លួន។ តាមរយៈកិច្ចសហប្រតិបត្តិការអន្តរជាតិ សមត្ថកិច្ចចិន និងថៃបានកំណត់ទីតាំងរបស់ពួកគេ ដកហូតសិទ្ធិស្នាក់នៅតាមច្បាប់ និងចាប់ខ្លួន។ នគរបាលថៃបញ្ជាក់ថា មិនទាន់រកឃើញភស្តុតាងថាក្រុមនេះប្រព្រឹត្តបទល្មើសក្នុងប្រទេសថៃ ឬពាក់ព័ន្ធជនរងគ្រោះមូលដ្ឋានទេ ហើយនឹងបន្តការបញ្ជូនត្រឡប់ប្រទេស និងនីតិវិធីតុលាការ។ ប្រតិបត្តិការនេះបង្ហាញលទ្ធផលកិច្ចសហប្រតិបត្តិការចិន-ថៃប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន និងបញ្ជាក់ឡើងវិញថា ថៃនឹងមិនក្លាយជាជម្រកសុវត្ថិភាពសម្រាប់ឧក្រិដ្ឋជនឆ្លងដែនទេ។
សេចក្តីរាយការណ៍ចងក្រងដោយស្ថានីយយើង






