កម្លាំងនគរបាលជំនាញនៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ សហការជាមួយកម្លាំងស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ កាលពីថ្ងៃទី០៧ ខែមករា បានស្រាវជ្រាវបង្ក្រាបករណីបង្ខាំង និងជំរិតទារប្រាក់៥ម៉ឺនដុល្លារ ដោយរំដោះជនរងគ្រោះសរុប៩នាក់ និងឃាត់ខ្លួនបានជនសង្ស័យជាជនជាតិចិនចំនួន០៥នាក់យកមកអនុវត្តនិតិវិធីច្បាប់។
បើតាមនាយកដ្ឋាននគរបាលព្រហ្មទណ្ឌនៃអគ្គស្នងការដ្ឋាននគរបាលជាតិ ក្រសួងមហាផ្ទៃ បានឱ្យដឹងនៅថ្ងៃទី១០ ខែមករា ឆ្នាំ២០២៦នេះថា ប្រតិបត្តិការការបង្ក្រាបនេះ បានធ្វើឡើងបន្ទាប់ពីនាយកដ្ឋាននគរបាលព្រហ្មទណ្ឌបានទទួលពាក្យបណ្តឹងរបស់ឈ្មោះ TANG QUNHUI ភេទស្រី អាយុ៥៧ឆ្នាំ ជនជាតិចិន ដោយកូនប្រុសរបស់ខ្លួនឈ្មោះ YIN XING ភេសប្រុស អាយុ៣៤ឆ្នាំ ជនជាតិចិន ត្រូវបានជនមិនស្គាល់អត្តសញ្ញាណធ្វើការចាប់បង្ខាំង និងជំរិតទារប្រាក់ចំនួន ៥ម៉ឺនដុល្លារអាមេរិក កាលពីថ្ងៃទី០២ ខែមករាកន្លងទៅ។
ប្រភពព័ត៌មានដដែល បានបញ្ជាក់បន្ថែមថា ជនសង្ស័យដែលត្រូវបានកម្លាំងនគរបាលឃាត់ខ្លួនបានសុទ្ធតែជាជនជាតិចិន នៅភូមិត្រពាំងផ្លុងទី១ ឃុំត្រពាំងផ្លុង ស្រុកពញ្ញាក្រែក ខេត្តត្បួងឃ្មុំ។ បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវបាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ប្រគល់ជូនស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ កសាងសំណុំរឿងតាមនីតិវិធីច្បាប់៕
ដោយ៖ ង៉ែត ពិសាន្ត












