ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

អាម៉េរិកគាំទ្រកម្ពុជាក្នុងការទិញយន្តហោះ Boeing ១០គ្រឿងពីសហរដ្ឋអាម៉េរិក

KPS99TV

សេចក្តីសង្ខេប

ក្នុងជំនួបថ្ងៃទី១០ ខែមករា នៅភ្នំពេញ លោក ប្រាក់ សុខុន និងលោក DeSombre បានពិភាក្សាទំនាក់ទំនងទ្វេភាគី ហើយអាម៉េរិកស្វាគមន៍ការសម្រេចចិត្តរបស់ Air Cambodia ទិញយន្តហោះ Boeing យ៉ាងតិច១០គ្រឿង។

សហរដ្ឋអាមេរិក បានស្វាគមន៍ចំពោះការសម្រេចចិត្តរបស់ក្រុមហ៊ុនអាកាសចរណ៍ Air Cambodia ក្នុងការទិញយន្តហោះ Boeing យ៉ាងតិច ១០គ្រឿង ដែលបង្ហាញពីទំនាក់ទំនងសេដ្ឋកិច្ចរវាងប្រទេសទាំងពីរកំពុងកើនឡើង។ ការប្រកាសគាំទ្រដូច្នេះ ធ្វើឡើងក្នុងជំនួបពិភាក្សាការងាររវាងឯកឧត្តម ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងឯកឧត្តម ម៉ៃឃើល ចច ដេសោមប្រឺ (Michael George DeSombre) ឧបការីរដ្ឋមន្ត្រីការបរទេសសហរដ្ឋអាម៉េរិក ទទួលបន្ទុកតំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វិក កាលពីថ្ងៃទី១០ ខែមករា នៅរាជធានីភ្នំពេញ។

ជាការកត់សម្គាល់ ក្រុមហ៊ុនអាកាសចរណ៍ Air Cambodia ឬក្រុមហ៊ុនអាកាសចរណ៍ជាតិកម្ពុជា ពីមុនគឺជាក្រុមហ៊ុនអាកាសចរណ៍ជាតិអង្គរ អ៊ែរ ប៉ុន្តែត្រូវបានប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត បានចេញអនុក្រឹត្យសម្រេចប្តូរឈ្មោះអំឡុងដើមឆ្នាំ២០២៥។ ក្រុមហ៊ុននេះរាជរដ្ឋាភិបាលកាន់កាប់ភាគហ៊ុន ៣០ភាគរយ, ក្រុមហ៊ុនចិន ស៊ីងហ្គាង (Xing Gang Investment Group) កាន់កាប់ភាគហ៊ុន ២៨ភាគរយ, ក្រុមហ៊ុន Seven Trip International ចំនួន ២៨ភាគយ និងក្រុមហ៊ុនអាកាសចរណ៍វៀតណាម ១៤ភាគរយ។

ចំណែក កាលពីអំឡុងខែកញ្ញា ឆ្នាំ២០២៥ ក្រុមហ៊ុន Air Cambodia ថានឹងចរចាទិញយន្តហោះ Boeing 737 Max (អេច) 8 ចំនួន១០គ្រឿងសម្រាប់ជំហានទី១ពីសហរដ្ឋអាមេរិក និងមានជម្រើសក្នុងការទិញ១០គ្រឿងបន្ថែមទៀត។ យន្តហោះ Boeing 737-8 MAX ដែលត្រូវបានគេស្គាល់ថាជា 737 MAX 8 មានកៅអីអ្នកដំណើរចន្លោះពី ១៦២ ទៅ ២១០នាក់ អាស្រ័យលើការកំណត់រចនាសម្ព័ន្ធនៃប្រភេទកៅអី។ យន្តហោះនេះអាចហោះបានចម្ងាយជាង ៦,៥០០គីឡូម៉ែត្រដោយមិនចាំបាច់ចាក់សាំង ហើយត្រូវបានបំពាក់ដោយម៉ាស៊ីនជំនាន់ក្រោយ ដែលផ្តល់នូវការបង្កើនប្រសិទ្ធភាពប្រេងរហូតដល់១៤ ភាគរយបើប្រៀបធៀបទៅនឹងម៉ូដែលចាស់ៗ។

ក្រៅពីនេះ ភាគីទាំងពីរបានសម្តែងការពេញចិត្តចំពោះការបន្តធ្វើឱ្យកាន់តែស៊ីជម្រៅនៃទំនាក់ទំនងទ្វេភាគីរវាងកម្ពុជា និងសហរដ្ឋអាម៉េរិក ជាពិសេសលើវិស័យពាណិជ្ជកម្ម និងការវិនិយោគ ក៏ដូចជាកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ និងសន្តិសុខផងដែរ៕

ដោយ៖ ង៉ែត ពិសាន្ត

មតិយោបល់

កំពុងផ្ទុកមតិយោបល់…