ដោយសាតែក្រុមហ៊ុនសាជីវកម្មស្ពាន-ថ្នល់ចិន (CRBC) អនុវត្តការងារស្ថាបនាផ្លូវបេតុងសសៃដែកលើកំណាត់ផ្លូវជាតិលេខ៧ ចាប់ពីរង្វង់មូលសេះដល់រង្វង់មូលស្ពានគីហ្សូណា ពីថ្ងៃទី១៣ ខែមករាដល់ថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៦ ដែលនាំឱ្យផ្លូវសម្រាប់ធ្វើចរាចរណ៍មានតែមួយចំហៀង មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ចាម បានសម្រេចផ្អាកចរាចររថយន្តដឹកទំនិញធុនធ្ងន់គ្រប់ប្រភេទជាបណ្តោះអាសន្នលើកំណាត់ផ្លូវជាតិលេខ៧ ត្រង់ចំណុចខាងលើជាបណ្តោះអាសន្ន។
ការសម្រេចផ្អាកចរាចរចំពោះរថយន្តដឹកទំនិញធុនធ្ងន់ដូច្នេះ បើតាមសេចក្តីជូនដំណឹងនៅថ្ងៃទី១០ ខែមករា មន្ទីរសាធារណការខេត្ត បានបញ្ជាក់ថា ដើម្បីសម្រួលការកកស្ទះចរាចរណ៍ និងបង្ការការកើតមានគ្រោះថ្នាក់ណាមួយជាយថាហេតុ។ ដូច្នេះ ក្នុងសេចក្តីជូនដំណឹង បានបញ្ជាក់បន្ថែមថា ករណីរថយន្តធុនធ្ងន់ដែលធ្លាប់ធ្វើចរាចរណ៍លើកំណាត់ផ្លូវជាតិលេខ៧ ឆ្លងកាត់ពីរង្វង់មូលសេះដល់រង្វង់មូលស្ពានគីហ្សូណា ក្រុងកំពង់ចាម ត្រូវបង្វែរចរាចរណ៍ទៅកាន់ផ្លូវជាតិលេខ៨ ឬផ្លូវជាតិលេខ១១ ឬផ្លូវជាតិលេខ៧១សេវិញ។ ដោយឡែក សម្រាប់រថយន្តគ្រួសារ(ទេសចរ) និងទោចក្រយានយន្ត អាចធ្វើចរាចរណ៍បានជាធម្មតា៕
ដោយ៖ ង៉ែត ពិសាន្ត









