នគរបាលខេត្តសៀមរាបបានបង្ក្រាបរថយន្ត២គ្រឿងដឹកជញ្ជូនលៀសខុសច្បាប់ប្រមាណជា ២៨តោន នៅទីតាំងពីរផ្សេងគ្នា គឺនៅស្រុកជីក្រែង និងស្រុកសូទ្រនិគម កាលពីយប់ថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៦។ ចំណែក អ្នកបើកបររថយន្តម្នាក់ត្រូវបានចាប់ខ្លួននិងម្នាក់ទៀតរត់គេចខ្លួនបាត់។
បើតាមអគ្គស្នងការដ្ឋាននគរបាលជាតិ បានឱ្យដឹងនៅថ្ងៃទី១១ ខែមករានេះថា ប្រតិបត្តិការនេះ បានធ្វើឡើងដោយអនុវត្តតាមការណែនាំរបស់ឯកឧត្ដម នាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ដឹកនាំបញ្ជាផ្ទាល់ដោយលោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប និងមានការសម្របសម្រួលនីតិវិធីដោយ ឯកឧត្តម សៀង សុខ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្ត។
ក្នុងនោះកម្លាំងនគរបាលបានឃាត់ខ្លួនជនសង្ស័យឈ្មោះ ភី សុភក្រ័ ភេទប្រុស អាយុ៣៦ឆ្នាំ ដោយសារដឹកជញ្ជូន លៀសគ្មានលិខិតអនុញ្ញត តាមរថយន្តសាំយ៉ុង ពណ៌បៃតង ពាក់ស្លាកលេខ ភ្នំពេញ 2H-3460 ក្នុងនោះសមត្ថកិច្ចរកឃើញលៀសចំនួន១៥០ប៉េ ស្មើនឹង ៧៥០០គីឡូក្រាម ។ ជនសង្ស័យរស់នៅភូមិក្រចាប ឃុំព្រៃខ្លា ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង។
ចំណែករថយន្ត ១គ្រឿងទៀត ម៉ាក អ៊ីស៊ុយស៊ុយ (ISUZU) ពណ៌ផ្ទៃមេឃ ពាក់ស្លាក់លេខ ចង្កូតស្តាំ KCHH-0056 និងមានស្លាកលេខភ្នំពេញ 3B-0930 សមត្ថកិច្ចរកឃើញដឹកលៀសគ្មានលិខិតអនុញ្ញាតចំនួន ២១២៥០គីឡូក្រាម។ រីឯម្ចាស់រថយន្តបានរត់គេចខ្លួនបាត់
ក្រោយពីការបង្ក្រាប កម្លាំងសមត្ថកិច្ចដកហូតបានលៀសសរុប ២៨៧៥០គីឡូក្រាមនិង រថយន្តដឹកជញ្ជូនចំនួន ០២គ្រឿង។ បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាង ត្រូវបានសមត្ថកិច្ចជំនាញកសាងសំណុំរឿងបញ្ជូនទៅកាន់មន្រ្តីជំនាញខណ្ឌរដ្ឋបាលជលផល នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តសៀមរាប ដើម្បីអនុវត្តទៅតាមនីតិវិធីបន្ត៕
ដោយ៖ ង៉ែត ពិសាន្ត












