ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

កម្ពុជាដាក់កំហិតពិនិត្យប្រវត្តិរូបម្ចាស់ក្រុមហ៊ុននានាដើម្បីទប់ស្កាត់ការលាងលុយខុសច្បាប់

KPS99TV

សេចក្តីសង្ខេប

ក្រសួងពាណិជ្ជកម្មបានណែនាំឱ្យម្ចាស់ក្រុមហ៊ុនចូលរួមពិនិត្យប្រវត្តិរូប និងព័ត៌មានផ្ទាល់ខ្លួន ហើយអនុញ្ញាតឱ្យក្រុមហ៊ុនខកខានរបាយការណ៍ប្រចាំឆ្នាំ បង់ពិន័យត្រឹម១ឆ្នាំចុងក្រោយ ក្នុងរយៈពេល៦០ថ្ងៃ ចាប់ពីថ្ងៃទី១០ ខែមករា ឆ្នាំ២០២៦។

ដើម្បីបញ្ចៀសឱ្យបាននូវបទល្មើសលាងលុយកខ្វក់ ឬលុយខុសច្បាប់ ក្រសួងពាណិជ្ជកម្ម បានប្រកាសចាប់ផ្តើមត្រួតពិនិត្យប្រវត្តិរូប ឬព័ត៌មានផ្ទាល់ខ្លួនរបស់ម្ចាស់ក្រុមហ៊ុននានានៅកម្ពុជា។ តាមសេចក្តីជូនដំណឹងកាលពីថ្ងៃទី០៨ ខែមករា ក្រសួងពាណិជ្ជកម្មបានណែនាំឱ្យម្ចាស់ក្រុមហ៊ុននានាចូលរួមត្រួតពិនិត្យសាវតាររូបវន្តបុគ្គល ឬព័ត៌មានផ្ទាល់ខ្លួន ដើម្បីចូលរួមចំណែកក្នុងការពង្រឹងការងារប្រយុទ្ធប្រឆាំងការលាងសម្អាតប្រាក់។

ក្រៅពីដាក់កំហិតដូច្នេះ ក្រសួងក៏បានសម្រេចលើកលែងការផាកពិន័យចំពោះក្រុមហ៊ុនដែលមិនបានផ្តល់របាយការណ៍ប្រចាំឆ្នាំនីមួយៗ ដោយតម្រូវឱ្យក្រុមហ៊ុនបង់ពិន័យត្រឹមតែរយៈពេល១ឆ្នាំចុងក្រោយប៉ុណ្ណោះ ក្នុងអំឡុងពេល៦០ថ្ងៃ ចាប់ពីថ្ងៃទី១០មករា ឆ្នាំ២០២៦តទៅ។ ក្នុងករណី ក្រុមហ៊ុនមិនអនុវត្តតាមលក្ខខណ្ឌ និងកាលបរិច្ឆេទកំណត់ខាងលើ ក្រសួងនឹងចាត់ទុកជាក្រុមហ៊ុនអកម្ម (Inactive Company) ដែលអាចប៉ះពាល់ដល់ការចុះបញ្ជី និងសិទ្ធិនានារបស់ក្រុមហ៊ុន ដែលមានកំណត់ក្នុងច្បាប់។ មិនតែប៉ុណ្ណោះ ក្រសួងពាណិជ្ជកម្ម បានសង្កត់ធ្ងន់ថា គោលការណ៍នេះ នឹងចូលរួមដល់ការលើកកម្ពស់បរិយាកាសអាជីវកម្មនៅប្រទេសកម្ពុជា ក៏ដូចជាជំរុញការអនុវត្តច្បាប់ពាណិជ្ជកម្ម និងការចុះបញ្ជីពាណិជ្ជកម្មឱ្យមានប្រសិទ្ធភាព៕

ដោយ៖ ង៉ែត ពិសាន្ត

មតិយោបល់

កំពុងផ្ទុកមតិយោបល់…