ចាប់ពីថ្ងៃអាទិត្យ ទី១៨ ខែមករាសប្តាហ៍ក្រោយនេះតទៅ រដ្ឋបាលរាជធានីភ្នំពេញនឹងមិនអនុញ្ញាតឱ្យមានការលក់ដូរឥតសណ្ដាប់ធ្នាប់រំលោភចិញ្ចើមផ្លូវ និងទ្រូងផ្លូវសាធារណៈ នៅមហាវិថីមុន្នីរ៉េត មហាវិថីម៉ៅសេទុង តាមតំបន់ជុំវិញផ្សារដើមគរ និងតំបន់ពាក់ព័ន្ធជុំវិញតទៅទៀតនោះទេ។ ដើម្បីរួមចំណែកដល់ការរៀបចំសណ្ដាប់ធ្នាប់សាធារណៈ បញ្ចៀសការកកស្ទះចរាចរណ៍ កាត់បន្ថយនូវឧបទ្ទវហេតុផ្សេងៗ លើកកម្ពស់សោភ័ណភាពហេដ្ឋារចនាសម្ព័ន្ធ និងសោភ័ណភាពទីក្រុង» ក្នុងរាជធានីភ្នំពេញ រដ្ឋបាលរាជធានីបានប្រកាសឱ្យអាជីវករលក់ដូរនៅតំបន់ទាំងនេះ ប្តូរទៅលក់នៅផ្សារបោះដុំបន្លែផ្លែឈើ ឬផ្សារដើមគរថ្មី ដែលស្ថិតនៅតាមបណ្តោយមហាវិថីឈ្នះ ឈ្នះ នៅក្នុងសង្កាត់គោករកា ខណ្ឌព្រែកព្នៅ ជំនួសវិញ។
នៅក្នុងវីដេអូអប់រំរបស់រដ្ឋបាលរាជធានីភ្នំពេញ លោកស្រី ដោ សម្ផស្ស អ្នកនាំពាក្យសាលារាជធានីភ្នំពេញ បានមានប្រសាសន៍ថា៖ «រដ្ឋបាលរាជធានីភ្នំពេញបានធ្វើការងារជាច្រើនសម្រាប់ដោះស្រាយបញ្ហាសណ្តាប់ធ្នាប់នៅលើចិញ្ចើមផ្លូវ ដងផ្លូវនេះជាហូរហែមកទទួលបានប្រសិទ្ធភាពជាច្រើនដែរហើយ។ ប៉ុន្តែយើងឃើញថានៅមានបញ្ហាប្រឈមហ្នឹង គឺនៅតំបន់ស្មុគស្មាញមួយចំនួននៅលើមហាវិថីម៉ៅសេទុង ផ្លូវមុន្នីរ៉េត ជាពិសេសនៅតំបន់ជុំវិញផ្សារដើមគរនេះតែម្តង»។ រដ្ឋបាលរាជធានីភ្នំពេញ បាននិងកំពុងអំពាវនាវដល់ប្រជាពលរដ្ឋ និងបងប្អូនអាជីវករលក់ដូរជុំវិញផ្សារដើមគរចាស់ទាំងអស់ឱ្យចូលរួមផ្សព្វផ្សាយ និងសហការអនុវត្តក្នុងការប្ដូរទៅប្រកបអាជីវកម្មនៅផ្សារដើមគរថ្មី។
ដើម្បីលើកទឹកចិត្តឱ្យអាជីវករធ្វើការផ្លាស់ប្តូរដោយស្ម័គ្រចិត្តទៅកាន់ទីតាំងផ្សារដើមគរថ្មីនោះ រដ្ឋបាលរាជធានីភ្នំពេញបានសហការជាមួយក្រុមហ៊ុនសាងសង់ផ្សារដើមគរថ្មីនេះ ដើម្បីអនុគ្រោះថ្លៃឈ្នួលតូបរយៈពេល២ឆ្នាំដំបូង ដោយពុំមានប្រាក់កក់ ពុំគិតថ្លៃទឹកភ្លើងរយៈពេល៦ខែដំបូង ព្រមទាំងអត្ថប្រយោជន៍ផ្សេងៗជាច្រើនទៀត។ ទន្ទឹមនឹងការអំពាវនាវនេះ អាជីវករជាច្រើនបានបង្ហាញអារម្មណ៍វិជ្ជមាន និងសម្ដែងការពេញចិត្តចំពោះលក្ខខណ្ឌផ្សេងៗដែលផ្តល់ជូន ហើយបានស្ម័គ្រចិត្តប្តូរទៅលក់នៅផ្សារដើមគរថ្មី។ មិនតែប៉ុណ្ណោះ ពួកគាត់បានចូលរួមចាប់ឆ្នោតជ្រើសរើសកន្លែងលក់ដូរថ្មីរួចរាល់ហើយ៕
ដោយ៖ ង៉ែត ពិសាន្ត












