រំលងទៅមាតិកាសំខាន់
ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

ករណីគ្រូទាត់សិស្សបាក់ជើងដោយសារអត់ស្បែកជើងប៉ាតាពាក់ទៅរៀន អាជ្ញាធរបំភ្លឺមូលហេតុបែបនេះ!

KPS99TVអត្ថបទដើមក្នុងបណ្ណសារ · មិនទាន់មានការបកប្រែ

បន្ទាប់ពីផ្ទុះរឿងគ្រូទាត់សិស្សពេញទំហឹងពីក្រោយបណ្តាលឱ្យបាក់ជើងនិងបានបញ្ជូនទៅវះកាត់សង្គ្រោះបន្ទាន់ ដោយសារមូលហេតុអត់មានស្បែកជើងប៉ាតាពាក់ទៅរៀន ពេលនេះអាជ្ញាធរស្រុកបាកាន ខេត្តពោធិ៍សាត់ បានចេញមកបំភ្លឺហើយ តាមពិតសិស្សនោះឈឺជើងរួចហើយដោយសារលេងទាត់បាល់ ហើយពេលគ្រូកំពុងអប់រំណែនាំ សិស្សនោះក៏បានដាក់ជើងឈឺនៅលើបង់ ដោយលោកគ្រូមិនបានដឹងទើបយកជើងឆ្កឹះទម្លាក់ចេញពីលើបង់។

ក្នុងសេចក្តីបំភ្លឺថ្ងៃទី១៧ ខែកុម្ភៈនេះ បានបញ្ជាក់ថា សិស្សនោះមានឈ្មោះ លី សុវណ្ណរាជ រៀនថ្នាក់ទី៧ «C» នៃវិទ្យាល័យព្រះម្លូរ ស្នាក់នៅជាមួយលោកយាយឈ្មោះ ទូច លាប ក្នុងភូមិចាយ៉ូវ ឃុំមេទឹក ស្រុកបាកាន ខេត្តពោធិ៍សាត់។ ករណីនេះ រដ្ឋបាលស្រុកបំភ្លឺថា សុវណ្ណរាជ មានរបួសជើងឆ្វេងរួចមកហើយ ដោយសាលេងបាល់ទាត់ជាមួយមិត្តភ័ក្តិ ហើយនៅពេលលោកគ្រូ សេន សុថៃ កំពុងអប់រំណែនាំស្រាប់តែ សុវណ្ណរាជ ដាក់ជើងឈឺរបស់ខ្លួនដោយសារគ្រិច និងមុតអំបែងកែវនៅលើបង់ ដោយលោកគ្រូមិនបានដឹងអំពីអាការរបស់សិស្សទើបយកជើងឆ្កឹះទម្លាក់ពីលើបង់ ដែលបណ្តាលឱ្យមានការចោទប្រកាន់ថា បានទាត់បាក់ជើងតែម្តង។

ក្រោយមក រូបគេ(សិស្ស) មានអាការក្តៅខ្លួនខ្លាំង លោកគ្រូក៏បាននាំមកមន្ទីរពេទ្យបង្អែកស្រុកបាកានផងដែរ។ តាមការបញ្ជាក់ពីម្តាយ កូនរបស់គាត់មានជំងឺគ្រុនឈាម ដូច្នេះពេទ្យព្យាបាលជំងឺគ្រុនឈាមរួចបានព្យាបាលជើងតាមក្រោយ។ ដោយឡែក លោកនាយក នាយករង និងលោកគ្រូផ្សេងទៀត ក៏បានទៅសួរសុខទុក្ខ និងតាមដានអាការរបស់សិស្សនោះនៅមន្ទីរពេទ្យដែរ។ ក្រោយមកទៀត ទើបអាណាព្យាបាលសិស្ស បានមកស្នើសុំច្បាប់ ដើម្បីយកកូនទៅព្យាបាលនៅភ្នំពេញ។ មិនយូរប៉ុន្មានដល់ថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៦ ទើបលេចធ្លាយការបង្ហោះនៅលើគណនីឈ្មោះ កា ទ្រីត និងមានការចែករំលែកយ៉ាងព្រោងព្រាត់ ដែលនាំឱ្យសាធារណជនមានការភ័ន្តច្រឡំ។

ចំណែក ករណីដែលថា គ្រូពិន័យសិស្សនោះមិនមានឯកសណ្ណាន មិនមានស្បែកជើងប៉ាតាពាក់ទៅរៀន គឺមិនពិតនោះទេ ប៉ុន្តែយ៉ាងណា សាលានៅតែលើកទឹកចិត្តសិស្សានុសិស្សទាំងអស់ឱ្យគោរពវិន័យសាលា។ គណៈគ្រប់គ្រងសាលា ក៏រង់ចាំទទួលការចូលខ្លួនមកបំភ្លឺពីអាណាព្យាបាលសិស្ស និងបានទាក់ទងទៅម្ចាស់គណនីឈ្មោះ កា ទ្រីត ដែរប៉ុន្តែទាក់ទងមិនបានទាល់តែសោះ៕

ដោយ៖ ង៉ែត ពិសាន្ត

មតិយោបល់

កំពុងផ្ទុកមតិយោបល់…