រំលងទៅមាតិកាសំខាន់
ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

សម្តេចមហាបវរធិបតី ចូលរួមបើកអាណត្តិក្រុមប្រឹក្សាសន្តិភាព នៅវ៉ាស៊ីនតោន ខណៈអាមេរិកប្រកាសថវិកា១០ពាន់លានដុល្លារសម្រាប់ហ្គាហ្សា

KPS99TVអត្ថបទដើមក្នុងបណ្ណសារ · មិនទាន់មានការបកប្រែ

នៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៦ នៅវិទ្យាស្ថានសន្តិភាពសហរដ្ឋអាមេរិក ក្នុងរដ្ឋធានីវ៉ាស៊ីនតោន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានអញ្ជើញចូលរួមក្នុង កិច្ចប្រជុំដំបូងនៃក្រុមប្រឹក្សាសន្តិភាពអន្តរជាតិ ដែលដឹកនាំដោយឯកឧត្តម ដូណាល់ ត្រាំ ប្រធានាធិបតីសហរដ្ឋអាមេរិក។ កិច្ចប្រជុំនេះបានផ្ដោតសំខាន់លើការស្តារសន្តិភាព និងការកសាងឡើងវិញក្នុងតំបន់ហ្គាហ្សា។

ក្រុមប្រឹក្សាបានអនុម័ត សេចក្តីសម្រេចលេខ ២០២៦/០២ (BOP/RES/2026/2) ដែលបង្កើត ក្របខណ្ឌហិរញ្ញវត្ថុសម្រាប់ប្រតិបត្តិការការងារ ដោយទទួលបានការគាំទ្រពីប្រទេសសមាជិក និងអង្គការអន្តរជាតិ។ ប្រធានាធិបតី ដូណាល់ ត្រាំ បានប្រកាសចំនួន ១០ ប៊ីលានដុល្លារ អាមេរិក ចូលរួមក្នុងការគាំទ្រក្រុមប្រឹក្សា ខណៈដែលប្រទេសសមាជិកផ្សេងទៀតបានសន្យាចូលរួម ជាង ៧ ប៊ីលានដុល្លារ សម្រាប់ការកសាងឡើងវិញ និងជំនួយមនុស្សធម៌។

ក្នុងអំឡុងកិច្ចប្រជុំ សម្តេចនាយករដ្ឋមន្ត្រីកម្ពុជាក៏បានជួបពិភាក្សាជាមួយមិត្តរួមចំណាប់អារម្មណ៍ រួមមាន៖ ឯកឧត្តម Viktor Orbán នាយករដ្ឋមន្ត្រីហុងគ្រី ដើម្បីលើកកម្ពស់ទំនាក់ទំនងទ្វេភាគី ក្នុងឱកាសខួបលើកទី៧០នៃទំនាក់ទំនងការទូតកម្ពុជា-ហុងគ្រី, ឯកឧត្តម Prabowo Subianto ប្រធានាធិបតីឥណ្ឌូណេស៊ី និងតូ ឡាំ អគ្គលេខាធិការបក្សកុម្មុយនិស្តវៀតណាម, តំណាងសេនាធិការដ្ឋាន និងពាណិជ្ជកម្មសហរដ្ឋអាមេរិក ដូចជា Jamieson Greer និង Christoper Landau។

កិច្ចជួបនេះបានពិភាក្សាការរីកចម្រើនទំនាក់ទំនងកម្ពុជា-អាមេរិក ក្នុងវិស័យពាណិជ្ជកម្មដែលកើនឡើង ២៩% ក្នុងឆ្នាំ ២០២៥ និងការវិនិយោគរបស់សហរដ្ឋអាមេរិកនៅកម្ពុជា ដែលក៏កំពុងមានកំណើនច្រើន។ ភាគីទាំងពីរបានពិភាក្សាពីការពង្រឹងសន្តិសុខ ប្រឆាំងការឆបោកតាមបច្ចេកវិទ្យា និងការកសាងសមយុទ្ធយោធារួមក្នុងឆ្នាំ ២០២៦–២០២៧។

បន្ថែមពីលើនេះ សម្តេចនាយករដ្ឋមន្ត្រីកម្ពុជាក៏បានជម្រាបពី ស្ថានការណ៍នៅតាមព្រំដែនកម្ពុជា-ថៃ និងអំពាវនាវឱ្យមាន ការអនុវត្តយ៉ាងត្រឹមត្រូវ និងដោយស្មោះត្រង់ ចំពោះកិច្ចព្រមព្រៀងដែលមានស្រាប់ ដើម្បីធានាសន្តិភាព និងសុវត្ថិភាពសម្រាប់ប្រជាពលរដ្ឋស៊ីវិល។

ការចូលរួមរបស់កម្ពុជានៅកិច្ចប្រជុំនេះ សំដៅបង្ហាញពី តួនាទីសំខាន់ក្នុងសន្តិភាពអន្តរជាតិ និងសហប្រតិបត្តិការកម្ពុជា-អន្តរជាតិ ជាជំហានថ្មីលើឆាកសន្តិភាព និងការវិនិយោគមនុស្សធម៌នៅតំបន់ហ្គាហ្សា។ ដោយ៖ KPS99TV

មតិយោបល់

កំពុងផ្ទុកមតិយោបល់…